មន្រ្តីតុលាការមួយរូបបាននិយាយនៅថ្ងៃចន្ទ (០៧ កក្កដា) នេះថា តុលាការក្រុងសេអ៊ូល គ្រោងនឹងបើកសវនាការនៅថ្ងៃពុធ ០៩ កក្កដា ខាងមុខនេះ ដើម្បីពិនិត្យមើលសំណើរបស់រដ្ឋអាជ្ញាពិសេស ក្នុងការឃុំខ្លួនអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol។

ក្រុមរដ្ឋអាជ្ញាពិសេស ដែលកំពុងស៊ើបអង្កេតការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីខែធ្នូ បានដាក់សំណើទៅតុលាការកណ្តាលក្រុងសេអ៊ូល ដើម្បីស្នើឃុំខ្លួនលោក Yoon ពីបទរំលោភអំណាច និងការរារាំងយុត្តិធម៌។
លោក Yoon ត្រូវបានចោទប្រកាន់ពីបទកៀងគរឆ្មាំអង្គរក្សប្រធានាធិបតីដើម្បីបញ្ឈប់អាជ្ញាធរមិនឱ្យចាប់ខ្លួនលោកកាលពីខែមករា។ ទីបំផុត លោកត្រូវបានចាប់ឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង ប៉ុន្តែត្រូវដោះលែងវិញក្រោយពេល ៥២ថ្ងៃក្រោមហេតុផលបច្ចេកទេស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយសម្អាងដល់ការលើកឡើងពីសំណើរបស់រដ្ឋអាជ្ញាពិសេសថា សំណើដីកាឃុំខ្លួនថ្មីនេះ ត្រូវបានធ្វើឡើងក្រោមហេតុផលនៃហានិភ័យថាលោក Yoon អាចហោះហើរចាកចេញពីកូរ៉េខាងត្បូង និងការព្រួយបារម្ភថា លោកអាចជ្រៀតជ្រែកជាមួយសាក្សីដែលមានទំនាក់ទំនងនឹងសំណុំរឿងរបស់លោក។ ក្រុមមេធាវីរបស់លោក Yoon បានច្រានចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក៕

