ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (០៦ កក្កដា) បានព្រមានថា បណ្តាប្រទេសទាំងឡាយណាដែលចូលរួមជាមួយនឹង "គោលនយោបាយប្រឆាំងអាមេរិក" របស់ក្រុម BRICS នឹងត្រូវគិតពន្ធបន្ថែម ១០% ។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បានសរសេរថា៖ "ប្រទេសណាមួយដែលដាក់ខ្លួនឯងឱ្យស្របជាមួយនឹងគោលនយោបាយប្រឆាំងអាមេរិករបស់ក្រុម BRICS នោះនឹងត្រូវគិតពន្ធបន្ថែម ១០% ហើយនឹងមិនមានការលើកលែងចំពោះគោលនយោបាយនេះទេ"។ លោក Trump មិនបានបញ្ជាក់ ឬបកស្រាយលើឯកសារយោង "គោលនយោបាយប្រឆាំងអាមេរិក" ដែលលោកបានលើកឡើងនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីរសៀលថ្ងៃអាទិត្យ (០៦ កក្កដា) ក្នុងជំនួបកំពូលនៅប្រេស៊ីល ប្លុក BRICS បានព្រមានទាក់ទងនឹងពាណិជ្ជកម្មថា ការបង្កើនពន្ធគយបានគម្រាមកំហែងដល់ពាណិជ្ជកម្មពិភពលោក ដោយបន្តការរិះគន់របស់ខ្លួនលើគោលនយោបាយពន្ធរបស់លោក Trump។
ក្រុម BRICS ដើមដំបូង បានប្រមូលផ្តុំមេដឹកនាំមកពីប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ក្នុងកិច្ចប្រជុំកំពូលលើកដំបូងក្នុងឆ្នាំ២០០៩។ ក្រោយមក ប្លុកនេះបានបន្ថែមសមាជិកអាហ្រ្វិកខាងត្បូង ហើយកាលពីឆ្នាំមុនរួមមាន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម និងឥណ្ឌូនេស៊ីជាសមាជិក៕

