ឆ្មាំល្បាតឆ្នេរបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសក្រិក បានជួយសង្គ្រោះជនអន្តោប្រវេសន៍រាប់រយនាក់នៅជិតកោះ Gavdos និងកោះ Crete ភាគខាងត្បូងរបស់ខ្លួន នៅក្នុងឧប្បត្តិហេតុចំនួន៥ដាច់ដោយឡែកពីគ្នាចាប់តាំងពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ។

ឆ្មាំល្បាតឆ្នេរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនអន្តោប្រវេសន៍ជាង៤៣០នាក់ត្រូវបានគេប្រទះឃើញ និងបានជួយសង្គ្រោះនៅក្នុងចម្ងាយប្រហែល២៥ម៉ាយនៅជិតកោះ Gavdos ជាកោះនៅភាគខាងត្បូងផុតរបស់ប្រទេសក្រិក កាលពីថ្ងៃអាទិត្យ។

ជនអន្តោប្រវេសន៍ត្រូវបានផ្ទេរទៅកាន់កំពង់ផែ Agia Galini នៅឆ្នេរភាគខាងត្បូងកោះ Crete ជាកន្លែងដែលពួកគេត្រូវឡើងជិះរថយន្តក្រុងដែលនឹងផ្ទេរពួកគេទៅកាន់ទីតាំងផ្សេងៗគ្នា។
ឆ្មាំល្បាតឆ្នេរបាននិយាយថា នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារព្រំដែន Frontex របស់សហភាពអឺរ៉ុប បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន៩៦នាក់នៅលើទូកចំនួន២គ្រឿងនៅជិតកោះ Crete ។ ជនអន្តោប្រវសេន៍បច្ចុប្បន្ននេះ ត្រូវបានគេនាំយកទៅកាន់កោះ Crete ជាកោះធំបំផុត និងមានប្រជាជនច្រើនបំផុតរបស់ប្រទេសក្រិក។
ការទៅដល់តាមសមុទ្ររបស់ជនអន្តោប្រវេសន៍ពីភាគឦសានប្រទេសលីប៊ី ដែលព្យាយាមឆ្លងទៅកាន់អឺរ៉ុប បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ពួកគេភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង រួមទាំងប្រជាជនមកពីប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម និងពលរដ្ឋអេហ្ស៊ីប និងបង់ក្លាដែស។