អ្នកនាំពាក្យយោធាក្រុមហ៊ួទីនៅប្រទេសយេម៉ែន លោក Yahya Sarea បាននិយាយកាលពីថ្ងៃអាទិត្យ ទី៦ កក្កដា នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្រុមនេះ បានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់ទៅលើតំបន់ Jaffa ភាគកណ្តាលរបស់អ៊ីស្រាអែល ជាអ្វីដែលពួកគេបានពិពណ៌នាថាជា «ប្រតិបត្តិការយោធាដ៏សំខាន់»។

ប៉ុន្តែយោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបានបាញ់ចេញពីប្រទេសយេម៉ែន ចូលទៅកាន់អ៊ីស្រាអែលដោយស៊ីរ៉ែនបានរោទិ៍ឡើងនៅក្នុងតំបន់ជាច្រើនរបស់ប្រទេស។ យោងតាមក្រុម ហ៊ួទីបាននិយាយឲ្យដឹងថា ប្រតិបត្តិការនេះ បានប្រើប្រាស់មីស៊ីល Palestine-2 ហើយត្រូវបានប្រកាសថាបានជោគជ័យ។

អ៊ីស្រាអែល បានគំរាមដល់ចលនាក្រុមហ៊ួទីដែលបាននិងកំពុងវាយប្រហារអ៊ីស្រាអែល ជាអ្វីដែលក្រុមនេះនិយាយថាជាសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដោយការបិទផ្លូវទឹកនិងផ្លូវអាកាស ប្រសិនបើការវាយប្រហាររបស់ក្រុមនេះលើអ៊ីស្រាអែលនៅតែបន្តកើតមាន។ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាក្នុងខែតុលាឆ្នាំ២០២៣ ក្រុមហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៅប្រទេសយេម៉ែន បាននិងកំពុងបាញ់ប្រហារទៅលើអ៊ីស្រាអែល និងការដឹកជញ្ជូននៅសមុទ្រក្រហម ដែលរំខានដល់ពាណិជ្ជកម្មពិភពលោក។
ភាគច្រើននៃមីស៊ីល និងយានដ្រូនរាប់សិបគ្រឿង ដែលពួកគេបានបាញ់ ត្រូវបានស្ទាក់ចាប់ឬធ្លាក់ភ្លាមៗ ខណៈអ៊ីស្រាអែល បានធ្វើការវាយប្រហារសងសឹកជាបន្តបន្ទាប់។ កាលពីថ្ងៃអាទិត្យក្រុមហ៊ួទី បានអះអាងជាថ្មីនូវការគាំទ្ររបស់ក្រុមនេះសម្រាប់ប្រជាជនប៉ាឡេស្ទីន និងអរិភាពរបស់ខ្លួនចំពោះអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។