អ្នកក្រុងប៉ារីស របស់បារាំង បានប្រញាប់ប្រញាល់ចុះទៅមុជទឹកលេងនៅស្ទឹងសែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ខណៈអាជ្ញាធរបានអនុញ្ញាតឱ្យសាធារណជនចុះហែលទឹកកម្សាន្តក្នុងស្ទឹងសែនប៉ារីសដ៏ល្បីល្បាញនេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩២៣មក បន្ទាប់ពីប្រតិបត្តិការសម្អាតយ៉ាងទូលំទូលាយកាលពីឆ្នាំមុនដោយសារស្ទឹងនោះត្រូវបានប្រើជាទីតាំងប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ទីតាំងចំនួន៣ នៅតាមបណ្តោយដងស្ទឹងសែន ក្នុងទីក្រុងនឹងអាចស្វាគមន៍អ្នកហែលទឹកជាង ១.០០០នាក់ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣១ ខែសីហា ដើម្បីជាការរីករាយកម្សាន្តដល់អ្នកក្រុងប៉ារីស និងភ្ញៀវទេសចរដែលស្ថិតក្នុងចំណោមអ្នកហែលទឹកដំបូងគេ។
ការបើកឡើងវិញនូវស្ទឹងសែនសម្រាប់ការហែលទឹកជាសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីបង្កើនគុណភាពទឹកស្ទឹង ដើម្បីអាចប្រើសម្រាប់ព្រឹត្តិការណ៍អូឡាំពិកកាលពីរដូវក្តៅឆ្នាំមុន។
ការធ្វើតេស្តគុណភាពទឹកប្រចាំថ្ងៃនឹងធ្វើឡើងក្នុងរដូវកាលហែលទឹក ដោយមានដោតទង់ពណ៌បៃតង និងក្រហមដើម្បីបញ្ជាក់ពីគុណភាពទឹក ស្រដៀងនឹងប្រព័ន្ធសុវត្ថិភាពឆ្នេរ ដែលបង្ហាញថាតំបន់នោះអាចហែលទឹកបាន ឬក៏អត់៕

