កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៨០នាក់ នៅទូទាំងតំបន់ហ្កាហ្សា រួមទាំងការស្លាប់ជិត ៤០នាក់នៅក្នុងទីក្រុងហ្កាហ្សា ខណៈលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថា លោកជឿជាក់ថាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចកើតឡើងនៅក្នុងសប្តាហ៍នេះ។

អ្នករួចជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា បានពណ៌នាពីទិដ្ឋភាព "ដ៏រន្ធត់យ៉ាងបង្ហូរឈាម" កាលពីថ្ងៃអាទិត្យ (០៦ កក្កដា) ខណៈអ្នកស្រុកនៅក្នុងសង្កាត់ Sheikh Radwan បានប្រមូលបំណែករាងកាយជនរងគ្រោះ ហើយព្យាយាមជួយសង្គ្រោះអ្នកដែលជាប់ក្រោមគំនរបាក់បែក។
ក្រៅពីការស្លាប់នៅក្រុងហ្កាហ្សា ប្រភពវេជ្ជសាស្រ្តនៅមន្ទីរពេទ្យបានប្រាប់សារព័ត៌មាន Al Jazeera ថា ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ត្រូវសម្លាប់ដោយការបាញ់ប្រហារពីកងទ័ពអ៊ីស្រាអែល ជិតមជ្ឈមណ្ឌលចែកចាយជំនួយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលគាំទ្រដោយអ៊ីស្រាអែល និងអាមេរិក។
សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បានបន្ទោសក្រុមហាម៉ាស ចំពោះការវាយប្រហារ ប៉ុន្តែការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហ្កាហ្សា បានច្រានចោលការចោទប្រកាន់ទាំងនេះ។ ជាមួយគ្នានេះ លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថា មានឱកាសល្អមួយដែលការដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា និងកិច្ចព្រមព្រៀងបទឈប់បាញ់ អាចសម្រេចបានជាមួយក្រុមហាម៉ាស ក្នុងសប្តាហ៍នេះ។
កាលពីថ្ងៃអាទិត្យ មុនពេលឡើងយន្តហោះទៅទីក្រុងវ៉ាស៊ីនតោន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក៏បាននិយាយផងដែរថា លោកជឿជាក់ថាការពិភាក្សារបស់លោកជាមួយលោក Trump នៅថ្ងៃចន្ទនេះ នឹងជួយជំរុញកិច្ចចរចាលើកិច្ចព្រមព្រៀងហ្កាហ្សា៕

