ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កងកម្លាំងយោធារុស្ស៊ីរបស់ទីក្រុងមូស្គូ បានគ្រប់គ្រងភូមិចំនួនពីរទៀតក្នុងប្រទេសអ៊ុយក្រែន នៅតំបន់ដែលពួកគេកំពុងវាយរុល ដោយទីតាំងឈរជើងមួយនៅតំបន់ Donetsk ភាគខាងកើត និងមួយទៀតនៅតំបន់ Kharkiv នៅភាគឦសាន។

សេចក្តីថ្លែងការណ៍របស់ក្រសួងដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បាននិយាយថា កងទ័ពរុស្ស៊ី វាយដណ្តើមយកភូមិ Piddubne នៅតំបន់ Donetsk ជាទីដែលកងកម្លាំងទីក្រុងមូស្គូ បន្តវាយរុលយឺតៗទៅភាគខាងលិច។ សេចក្តីថ្លែងការណ៍បន្តថា កងកម្លាំងរុស្ស៊ីក៏ដណ្ដើមបានភូមិ Sobolivka នៅជិតទីក្រុង Kupiansk តំបន់ Kharkiv ដែលរងការវាយប្រហារពីរុស្ស៊ី អស់ជាច្រើនខែមកហើយ។

អគ្គសេនាធិការរបស់អ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់របស់ខ្លួន មិនបាននិយាយពីភូមិទាំងពីរនោះធ្លាក់ក្នុងដៃរុស្ស៊ីទេ ប៉ុន្តែបានរាយការណ៍ពីការវាយប្រហាររបស់ទីក្រងមូស្កូ ក្នុងភូមិផ្សេងទៀតនៅជិតក្រុង Kupiansk។
គួរឱ្យដឹងថា រុស្ស៊ី គ្រប់គ្រងទឹកដីបានជិត ១៩% ទៅហើយនៃអ្វីដែលអន្តរជាតិទទួលស្គាល់ថាជារបស់អ៊ុយក្រែន រួមទាំងតំបន់ Luhansk នៅភាគខាងកើត និងច្រើនជាង ៧០% នៃតំបន់ Donetsk តំបន់ Zaporizhzhia និង Kherson និងផ្នែកខ្លះតំបន់ Kharkiv និង Sumy របស់អ៊ុយក្រែន៕
