ជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនពីប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនថ្ងៃកំណត់នៃការត្រឡប់មកវិញ ដែលបានកំណត់សម្រាប់ថ្ងៃអាទិត្យ ដោយបានបង្កឲ្យមានស្ថានភាព «គ្រាអាសន្ន» នៅចំណុចព្រំដែន។
កាលពីចុងខែឧសភា អ៊ីរ៉ង់បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានដែលគ្មានឯកសារ ត្រូវតែចាកចេញពីប្រទេសនេះ ត្រឹមថ្ងៃទី ០៦ ខែកក្កដា ដែលអាចប៉ះពាល់ដល់ប្រជាជនចំនួន ៤ លាននាក់ ក្នុងចំណោមប្រជាជនអាហ្វហ្គានីស្ថានចំនួន ៦ លាននាក់ដែលទីក្រុងតេហេរ៉ង់ និយាយថា រស់នៅក្នុងប្រទេសនេះ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនមនុស្សឆ្លងព្រំដែនបានកើនឡើង ចាប់តាំងពីពាក់កណ្តាលខែមិថុនា ជាមួយនឹងចំនួនមនុស្សច្រើនជាង ៤៣.000 នាក់ ឆ្លងកាត់ព្រំដែន Islam Qala ក្នុងខេត្ត Herat ភាគខាងលិច កាលពីថ្ងៃទី ០១ ខែកក្កដា។
ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ IOM បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានជាង ២៥០.000នាក់ បានវិលត្រឡប់ពីប្រទេសអ៊ីរ៉ង់ ក្នុងខែមិថុនា។
តំណាងអង្គការ UNICEF លោក Tajudeen Oyewale បាននិយាយថា នេះគឺជាស្ថានភាព «គ្រាអាសន្ន» នៅក្នុងប្រទេសមួយ កំពុងប្រឈមមុខនឹង «វិបត្តិជនមាតុភូមិនិវត្តន៍ដ៏រ៉ាំរ៉ៃ» រួចហើយ ដោយមានជនជាតិអាហ្វហ្គានីស្ថានចំនួន១,៤ លាននាក់ បានត្រឡប់មកពីប្រទេសម្ចាស់ផ្ទះជាប្រពៃណីគឺអ៊ីរ៉ង់ និងប៉ាគីស្ថាន នៅឆ្នាំនេះ។
