បាល់ទាត់៖ គ្រូបង្វឹកក្រុមជំរើសជាតិម៉ាឡេស៊ីលោក Tan Cheng Hoe បានសំរេចលាលែងពីតំណែងហើយ ក្រោយដឹកនាំក្រុមមិនបានល្អនៅការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ AFF Championship ថ្មីៗនេះ។

ក្រុមម៉ាឡេស៊ីស្ថិតក្នុងពូលជាមួយកម្ពុជាដែរ តែបានបញ្ចបត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងពូលមិនអាចឡើងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។ បួនប្រកួតរបស់ម៉ាឡេស៊ីរួមមានឈ្នះកម្ពុជា ៣-១, ឈ្នះឡាវ ៤-០, ចាញ់វៀតណាម ៣-០ និងចាញ់ឥណ្ឌូនេស៊ី ៤-១។ រំលឹកថា បុរសវ័យ ៥២ឆ្នាំរូបនេះដំបូងជាជំនួយការទេនៅក្រុមជំរើសជាតិម៉ាឡេស៊ីកាលពីឆ្នាំ២០១៨ ដែលម៉ាឡេស៊ីឡើងវគ្គផ្តាច់ព្រ័ត្រ AFF Championship នេះតែចាញ់វៀតណាមនៅទីក្រុងហាណូយ។ ការប្រកាសលាលែងពីតំណែងលើកនេះត្រូវបានប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី៕
អត្ថបទ៖នាង សុភាវុធ