ប្រតិបត្តិករទេសចរណ៍ ដែលមានមូលដ្ឋាននៅប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានរារាំងអ្នកមានឥទ្ធិពលលោកខាងលិច ពីការចូលរួមក្នុងគណៈប្រតិភូនៃអ្នកទេសចរ ទៅកាន់ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ក្នុងខែតុលា។
ប្រទេសកូរ៉េខាងជើងដែលឯកោខាងការទូត បានស្វាគមន៍ក្រុមភ្ញៀវអន្តរជាតិជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងអត្តពលិកបរទេសរាប់រយនាក់ក្នុងខែមេសា សម្រាប់ការរត់ម៉ារ៉ាតុងអន្តរជាតិក្រុងព្យុងយ៉ាង ជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ។

ទីភ្នាក់ងារទេសចរណ៍ Young Pioneer Tours (YPT) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងនាំអ្នកទេសចរបរទេសមួយក្រុម ធ្វើដំណើរទៅកាន់រដ្ឋផ្តាច់ការ ចាប់ពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី ០១ ខែ វិច្ឆិកា។
ក្រុមហ៊ុននេះ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ប៉ុន្តែការធ្វើដំណើរនេះ នឹងមិនបើកចំហសម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាទេសចរណ៍ ឬអ្នកមានឥទ្ធិពលនោះទេ។
សហស្ថាបនិក YPT លោក Rowan Beard បាននិយាយថា ការទប់ស្កាត់អ្នកបង្កើតមាតិកាទេសចរណ៍ទាំងនោះ គឺជា «សំណើជាក់លាក់មួយ ពីភាគីកូរ៉េខាងជើង»។
