ក្រុមរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ បានដាក់ពង្រាយទៅកាន់ឆ្នេរសមុទ្រស៊ីរី ជាកន្លែងដែលក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងប្រយុទ្ធនឹងភ្លើងចំហេះព្រៃ សម្រាប់ថ្ងៃទី៤។
លោក Adam Abdelmoula អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លើងដែលកំពុងឆេះរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងខេត្ត Latakia ភាគ ពាយ័ព្យ «បានបង្ខំមនុស្សរាប់រយគ្រួសារឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលផ្ទៃដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ត្រូវបានបំផ្លាញ»។

លោកបាននិយាយថា ក្រុមរបស់អង្គការសហប្រជាជាតិកំពុង «ធ្វើការវាយតម្លៃជាបន្ទាន់ ដើម្បីកំណត់ទំហំនៃគ្រោះមហន្តរាយ និងដើម្បីកំណត់ពីតម្រូវការមនុស្សធម៌ជាបន្ទាន់បំផុត»។
ក្រុមពន្លត់អគ្គិភ័យមកពីប្រទេសទួរគី និងហ្ស៊កដានី បានចូលរួមជាមួយក្រុមការពារជនស៊ីវិលស៊ីរី ដោយ ផ្តល់ការគាំទ្រពីអាកាសជាមួយនឹងឧទ្ធម្ភាគចក្រ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ថា ក្រុមសង្គ្រោះបន្ទាន់ កំពុងព្យាយាមទប់ស្កាត់កុំឲ្យភ្លើងឆេះរាលដាលដល់តំបន់បម្រុងធម្មជាតិ Al-Frunloq ជាមួយនឹង«ព្រៃមានដើមឈើធំៗ ហើយជាប់ៗគ្នា»។
រដ្ឋមន្ត្រីក្រសួងសង្គ្រោះបន្ទាន់ និងគ្រប់គ្រងគ្រោះមហន្តរាយស៊ីរី លោក Raed Al-Saleh បានហៅស្ថានភាពនេះថា «សោកនាដកម្មដ៏ធ្ងន់ធ្ងរ»។
