លោក Abdulrazak Al-Jenan បានបោសសម្អាតធូលីចេញពីបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់លោក នៅលើដំបូលផ្ទះល្វែងរបស់លោក នៅក្នុងទីក្រុងដាម៉ាស។ ទីក្រុងដ៏ធំបំផុតរបស់ប្រទេសស៊ីរីភាគច្រើន គឺងងឹត ហើយមានពន្លឺតិចតួចចេញមកពីគ្រួសារមួយចំនួន ដែលអាចមានលទ្ធភាពទិញបន្ទះស្រូបពន្លឺព្រះអាទិត្យ អាគុយ ឬម៉ាស៊ីនភ្លើងឯកជន។
លោក Al-Jenan បានជំពាក់បំណុលគេរាប់ពាន់ដុល្លារ ដោយសារទិញបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់លោក នៅឆ្នាំ ២០១៩។ នេះ គឺជាយន្តការដោះស្រាយដែលមានតម្លៃថ្លៃ នៅពេលនោះ ប៉ុន្តែបើគ្មានវាទេ លោកមិនអាចសាកថ្មទូរស័ព្ទ និងដំណើរការទូទឹកកកបានទេ។

ប្រទេសស៊ីរី មិនមានភ្លើងរដ្ឋលើសពី ៤ម៉ោងទេ ក្នុងមួយថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារ សង្រ្គាមស៊ីវិលជិត ១៤ឆ្នាំ ដែលត្រូវបានបញ្ចប់ដោយការទម្លាក់អតីតប្រធានាធិបតី លោក បាសា អាល់អាសាដ (Bashar al-Assad)ពីអំណាច ក្នុងខែធ្នូ។
មេដឹកនាំថ្មីរបស់ស៊ីរី សង្ឃឹមថា ឥឡូវនេះ ថាមពលកកើតឡើងវិញ នឹងក្លាយដំណោះស្រាយបណ្តោះអាសន្នសម្រាប់វិបត្តិថាមពល។ ការវិនិយោគ កំពុងចាប់ផ្តើមត្រឡប់ទៅប្រទេសនេះវិញ ជាមួយនឹងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយគម្រោងថាមពលសំខាន់ៗ ត្រូវបានគ្រោងទុក ក្នុងនោះមានកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យខ្នាតឧស្សាហកម្ម ដែលនឹងធានាបាននូវតម្រូវការថាមពលប្រហែលមួយភាគដប់របស់ប្រទេសនេះ។
