អភិបាលតំបន់ នៅថ្ងៃចន្ទ (ទី៧ ខែកក្កដា) នេះ បានឲ្យដឹងថា អ្នកស្រុករាប់សិបនាក់ បានជម្លៀសចេញពីបណ្ដុំកោះដាច់ស្រយាល នៅភាគខាងត្បូងនៃប្រទេសជប៉ុន ដែលត្រូវបានអង្រួនដោយរញ្ជួយដីជិត ១.៦០០ដង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Genichiro Kubo ដែលរស់នៅលើកោះមួយផ្សេងទៀត បាននិយាយថា មិនមានការខូចខាតរូបវន្តធំដុំនោះឡើយ នៅលើកោះ Akuseki ដែលរងគ្រោះខ្លាំងបំផុត សូម្បីតែបន្ទាប់ពីរញ្ជួយដីកម្រិត ៥,១រ៉ិចទ័រ បានកើតមានពេញមួយយប់ក៏ដោយ។

ប៉ុន្តែការញ័រស្ទើរឥតឈប់ ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា បាននាំឲ្យអ្នកស្រុកមានអារម្មណ៍តានតឹងខ្លាំង ដែលភាគច្រើនគេងមិនបានលក់ស្កប់ស្កល់។ លោក Kubo បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកស្រុក ៨៩នាក់នៃកោះ Akuseki មាន ៤៤នាក់ បានជម្លៀសទៅកាន់មជ្ឈមណ្ឌល ក្នុងតំបន់ Kagoshima កាលពីថ្ងៃអាទិត្យ (ទី៦ ខែកក្កដា) ខណៈដែល ១៥នាក់ផ្សេងទៀត ក៏បានចាកចេញទៅកាន់កោះមួយទៀត នៅក្បែរនោះ។
តំបន់ដែលមានកោះមនុស្សរស់នៅចំនួន៧ និងកោះគ្មានមនុស្សរស់នៅចំនួន ៥ ត្រូវធ្វើដំណើរប្រហែល ១១ម៉ោង តាមស្រឡាងពីកោះ Kagoshima។ ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា មកដល់ត្រឹមព្រឹកថ្ងៃចន្ទនេះ តំបន់នេះបានជួបប្រទះអ្វីដែលអ្នកសិក្សារញ្ជួយដីសំដៅទៅលើរញ្ជួយដីកម្រិតតូចចំនួន ១.៥៨២ដង។
អ្នកជំនាញបានលើកឡើងថា ពួកគេជឿថា ភ្នំភ្លើងក្រោមទឹក និងលំហូរម៉ាក់ម៉ា អាចជាមូលហេតុបង្កឲ្យមានរញ្ជួយដីតូចៗនេះ។ ពួកគេប្រាប់ថា ខ្លួនមិនអាចទស្សន៍ទាយបាននោះឡើយថា តើរយៈពេលនៃការរញ្ជួយនឹងបន្តមានយូរប៉ុនណា៕
