យោងតាមក្រឹត្យរបស់ប្រធានាធិបតី បានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្រេចបណ្តេញរដ្ឋមន្ត្រីដឹកជញ្ជូន នៅថ្ងៃចន្ទ (ទី៧ ខែកក្កដា) នេះ ដោយបានដកលោក Roman Starovoit ចេញពីមុខតំណែងរបស់លោក បន្ទាប់ពីបំពេញតួនាទីបានជាង ១ឆ្នាំ។
គ្មានហេតុផលណាមួយត្រូវបានផ្តល់ឲ្យនោះឡើយ ជុំវិញការបណ្តេញចេញដ៏គួរឲ្យភ្ញាក់ផ្អើល ចំពោះលោក Starovoit។ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីដឹកជញ្ជូន កាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីចំណាយពេលជិត ៥ឆ្នាំកាន់តំណែងជាអភិបាលតំបន់ Kursk នៅភាគខាងលិចនៃប្រទេសរុស្ស៊ី។

ប៉ុន្មានខែបន្ទាប់ពីឈប់ធ្វើតួនាទីជាអភិបាលតំបន់នោះ កងទ័ពអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ Kursk ខណៈដែលទីក្រុងគីវ បានបើកការលុកលុយដ៏ធំបំផុតរបស់ខ្លួនចូលទៅក្នុងដែនដីរុស្ស៊ីជាលើកដំបូង ចាប់តាំងពីសង្គ្រាមចាប់ផ្តើមផ្ទុះឡើងនៅឆ្នាំ២០២២។
អ្នកកាន់តំណែងមុនរបស់លោក Starovoit ជារដ្ឋមន្ត្រីដឹកជញ្ជូន គឺលោក Vitaly Savelyev បានក្លាយជាឧបនាយករដ្ឋមន្ត្រី។ យោងតាមសារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ Vedomosti បានឲ្យដឹងថា អ្នកជំនួសតំណែងរបស់លោក Starovoit អាចជាអនុរដ្ឋមន្ត្រីរបស់លោក គឺលោក Andrei Nikitin ដែលធ្លាប់ជាអភិបាលតំបន់ Novgorod៕
