នគរបាលកេនយ៉ា បានបិទផ្លូវទៅកាន់មជ្ឈមណ្ឌលទីក្រុង Nairobi នាថ្ងៃចន្ទនេះ បង្ខំឲ្យអ្នកដំណើរជាច្រើនបកក្រោយការធ្វើដំណើររបស់ពួកគេវិញ ។
ក្រុមមន្រ្តីបំពាក់ដោយឧបករណ៍ប្រឆាំងកុបកម្ម ត្រូវបានដាក់ពង្រាយនៅជិតអគាររដ្ឋាភិបាល រួមទាំងអគារសភា និងតាមផ្លូវប្រសព្វសំខាន់ៗជាច្រើនទៀត ដើម្បីកាត់ផ្តាច់ការចូលដល់សង្កាត់ធុរកិច្ច ។ ហាងលក់ទំនិញបន្តបិទទ្វារ និងផ្លូវថ្នល់ភាគច្រើនគ្មានមនុស្សម្នា ធ្វើឲ្យទីក្រុងមួយនេះ មានសភាពស្ងាត់ជ្រងំខុសពីធម្មតា ។

ការចាត់វិធានការផ្នែកសន្តិសុខនេះ បានកើតមានឡើង មុនបាតុកម្មប្រឆាំងរដ្ឋាភិបាលតាមការគ្រោងទុក គាប់ជួននឹងខួបបាតុកម្ម Saba Saba គឺជាព្រឹត្តការណ៍ជាប្រវត្តិសាស្រនៃការដង្ហែរក្បួនឆ្នាំ ១៩៩០ ដែលជួយត្រួសត្រាយផ្លូវឲ្យមានលទ្ធិប្រជាធិបតេយ្យអាស្រ័យពហុបក្សនៅកេនយ៉ា ។
ដូចបាតុកម្មកាលពីខែមិថុនាអញ្ចឹងដែរ បាតុកម្មគ្រោងទុកនៅថ្ងៃចន្ទនេះ គ្មានក្រុមអ្នករៀបចំនោះទេ តែផ្ទុយទៅវិញ ការឃោសនាបានរីកសាយភាយតាមរយៈបណ្តាញព័ត៌មានសង្គម ជាពិសេសនៅក្នុងចំណោមយុវជនកេនយ៉ា ។
បាតុកម្មនៅថ្ងៃទី ៧ ខែកក្កដានេះដែរ បានកើតមានឡើង បន្ទាប់ពីភាពរំជើបរំជួលខែមិថុនា ពេលដែលបាតុកម្មរយៈពេល១សប្តាហ៍ បានផ្ទុះឡើង ក្រោយការស្លាប់របស់គ្រូបង្រៀន និងជាអ្នកបង្កើតគេហទំព័រម្នាក់ គឺលោក Albert Ojwang ពេលស្ថិតក្នុងឃុំរបស់នគរបាល ៕
