ក្រុមអាជ្ញាធរអ៊ុយក្រែន និយាយថា ក្មេងៗ ៣នាក់ ស្ថិតនៅក្នុងចំណោមមនុស្ស ២៧នាក់ ដែលបានរងរបួស នៅក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើទីក្រុងធំបំផុតទី ២ Kharkiv របស់អ៊ុយក្រែននាព្រឹកថ្ងៃចន្ទនេះ ដែលបណ្តាលឲ្យខូចខាតអគារផ្ទះល្វែង និងសាលាមតេយ្យសិក្សា ។
ទីក្រុង Kharkiv ដែលស្ថិតនៅតំបន់ភាគឦសានអ៊ុយក្រែនជាប់ព្រំដែនរុស្ស៊ី បានក្លាយជាការគោលដៅវាយប្រហារញឹកញាប់របស់យានដ្រូន និងមីស៊ីលរុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ពេលដែលទីក្រុងម៉ូស្គូ បើកការវាយប្រហារពេញបន្ទុក កាលពីរយៈពេលជាង ៣ឆ្នាំមុន ។

លោក Oleh Sinehubov គឺជាអភិបាលតំបន់ Kharkiv និយាយថា ភាគច្រើននៃអ្នករងរបួស បានកើតមាននៅសង្កាត់ Shevchenkivskyi ។
អភិបាលក្រុង Kharkiv លោក Ihor Terekhov និយាយថា អគ្គិភ័យបានឆាបឆេះឡើងនៅអគារផ្ទះល្វែងច្រើនជាន់ ។
នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីទីក្រុងម៉ូស្គូ ជុំវិញការវាយប្រហារនេះ ។
ភាគីទាំង ២ តែងតែច្រានចោលការវាយប្រហារគោលដៅស៊ីវិលនៅក្នុងសង្រ្គាមមួយនេះ ប៉ុន្តែជនស៊ីវិលរាប់ម៉ឺននាក់ បានស្លាប់ នៅក្នុងជម្លោះ ដែលភាគច្រើននៃពួកគេ បានស្លាប់នៅប្រទេសអ៊ុយក្រែន ៕
