នៅសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) គ្រោងជួបប្រជុំគ្នា និងពិភាក្សាជាមួយដៃគូសន្ទនាសំខាន់ៗរបស់ប្លុក ក្នុងតំបន់។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៨ របស់ប្លុកនេះ កំពុងកើតឡើង ក្នុងពេលដែលមានសម្ពាធកាន់តែខ្លាំងឡើងៗ ដើម្បីឲ្យបង្ហាញពីភាពពាក់ព័ន្ធរបស់ខ្លួន ចំពេលមានភាពមិនច្បាស់លាស់ជាសកល និងបញ្ហាប្រឈមនានា ក្នុងតំបន់ ។
ស្ថានភាពនយោបាយ នៅប្រទេសថៃ នៅតែប្រែប្រួលមិនទៀងទាត់ បន្ទាប់ពីនាយករដ្ឋមន្ត្រីចាំផ្ទះ ត្រូវបានតែងតាំង កាលពីសប្តាហ៍មុន រួមជាមួយនឹងការរុះរើគណៈរដ្ឋមន្ត្រី។ ការវិវត្តនេះកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរតំណែង។
ជាមួយគ្នានេះ វិបត្តិដែលអូសបន្លាយយ៉ាងយូររបស់សហភាពមីយ៉ាន់ម៉ា នៅតែជាបញ្ហាសំខាន់ បើទោះជាមានវឌ្ឍនភាពខ្លះៗនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែឧសភាក៏ដោយ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺបញ្ហាប្រឈម ពាក់ព័ន្ធនឹងវិធានការពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលត្រូវផុតថ្ងៃផុតកំណត់ទី៩ ខែកក្កដា។ អាណត្តិទី២របស់លោក Trump បានរំលឹកឡើងវិញនូវភាពមិនប្រាកដប្រជា ចំពោះពាណិជ្ជកម្មសកល និងបង្កជាហានិភ័យដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ នៅក្នុងតំបន់។
លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងមានកិច្ចប្រជុំដាច់ដោយឡែកពីគ្នាជាមួយដៃគូសន្ទនាសំខាន់ៗរបស់អាស៊ាន។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ក្រោមប្រធានបទ «បរិយាបន្ន និងនិរន្តរភាព»៕