ប្រទេសជាច្រើននៅតំបន់មេឌីទែរ៉ាណេ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ពេលដែលរលកកម្តៅកាន់តែអាក្រក់ទៅនៅទូទាំងតំបន់អឺរ៉ុបខាងត្បូង និងផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា បង្ខំឲ្យមានការជម្លៀសខ្លួនមនុស្ស និងការប្រកាសអាសន្ន ។
ភ្លៀងឆេះព្រៃ បានកើតមានឡើងនៅប្រទេសក្រិក ទួរគី បារាំង និងស៊ីរី កាលពីថ្ងៃអាទិត្យ ក្នុងនោះប្រទេសមួយចំនួន ស្ថិតក្នុងការប្រុងជើងការខ្ពស់ ពេលដែលក្រុមព្យាករអាកាសធាតុ ព្រមានថា អាកាសធាតុក្តៅខ្លាំងនឹងកាន់តែអាក្រក់ទៅនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ចាប់ពីប្រទេសអេស្ប៉ាញ ដល់ប្រទេសអ៊ីតាលី ក្រុមអាជ្ញាធរ បានជំរុញឲ្យអ្នកស្រុក ការពារមនុស្សងាយរងគ្រោះ និងចៀសវៀងការធ្វើដំណើរពុំចាំបាច់ អំឡុងពេលរលកកម្តៅធ្ងន់ធ្ងរដំបូងនៅរដូវក្តៅនេះ ។
ក្រុមសង្រ្គោះបន្ទាន់ និងរថយន្តគិលានសង្រ្គោះ ត្រូវបានដាក់ឲ្យឈរជើងនៅតាមគោលដៅទេសចរណ៍ទាក់ទាញ ខណៈក្រុមឧតុនិយមព្រមានថា រលកកកម្តៅបង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ កាន់តែធ្ងន់ធ្ងរខ្លាំង និងកើតឡើងញឹកញាប់ជាងពេលមុន ។
នៅតំបន់ភាគខាងលិចទួរគី ភ្លើងឆេះព្រៃ បានឆាបឆេះឡើងនៅខេត្ត Izmir កាលពីថ្ងៃអាទិត្យ ហើយកាន់តែធ្ងន់ធ្ងរ ដោយសារខ្យល់បក់ខ្លាំង ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើង ហើយក្រុមអាជ្ញាធរក្នុងស្រុក និយាយថា តំបន់មួយចំនួននៅស្រុក Seferihisar ត្រូវបានជម្លៀសប្រជាពលរដ្ឋចេញ ជាការប្រុងប្រយ័ត្នទុកជាមុន ៕