ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី ក្នុងនោះមានរួមទាំង Qantas, Jetstar ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប និង Virgin Australia បានឲ្យដឹងនៅថ្ងៃចន្ទ (ទី៧ ខែកក្កដា) នេះថា ពួកគេបានលុបចោលជើងហោះហើរជាច្រើន រវាងអូស្ត្រាលី និងកោះបាលីរបស់ឥណ្ឌូនេស៊ី បន្ទាប់ពីមានបន្ទុះភ្នំភ្លើង។
ក្រុមហ៊ុនអាកាសចរណ៍ Jetstar បានឲ្យដឹងថា ជើងហោះហើរជាច្រើនវ៉ុល ត្រូវបានលុបចោល «ដោយសារតែផេះភ្នំភ្លើងដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើង Lewotobi»។
គួរបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដានេះ ភ្នំភ្លើង Lewotobi Laki-Laki ដែលជាភ្នំភ្លើងភ្លោះកម្ពស់ ១.៥៨៤ម៉ែត្រ នៅលើកោះទេសចរណ៍ Flores បានផ្ទុះឡើងនៅវេលាម៉ោង ១១:០៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយបានព្រួសសំណុំផ្សែងផេះឡើងទៅលើកម្ពស់ដល់ទៅ ១៨គីឡូម៉ែត្រ។
ពពកពណ៌ប្រផេះ និងខ្មៅដ៏ក្រាស់ឃ្មឹកពីភ្នំភ្លើងនេះ ដែលមានទីតាំងនៅខេត្ត Nusa Tenggara ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី បានកំពុងបម្លាស់ទីទៅទិសខាងជើង ខាងជើងឈៀងខាងកើត និងខាងជើងឈៀងខាងលិចពីមាត់ភ្នំភ្លើង ដោយបង្កមានការរំខានដល់ការហោះហើរ។
អ្នកគ្រប់គ្រង លោក Ahmad Syaugi Shahab បាននិយាយថា ការផ្ទុះនេះបានបង្ខំមានការលុបជើងហោះហើរចំនួន ២៤វ៉ុល នៅអាកាសយានដ្ឋានអន្តរជាតិរបស់កោះបាលី។
លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលហោះហើរលើផ្លូវទៅកាន់ Labuan Bajo (នៅលើកោះ Flores) អូស្ត្រាលី សិង្ហបុរី និងកូរ៉េខាងត្បូង បានបញ្ជាក់ពីការលុប និងការពន្យារពេលជើងហោះហើរ»។
លោកបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រួមមាន Virgin Australia, Jetstar Airways និង AirAsia Indonesia។ តែយ៉ាងណក្ដី ទោះបីជាក្រុមហ៊ុនអាកាសចរណ៍មួយចំនួនលុបចោលជើងហោះហើរក៏ដោយ ក៏អ្នកគ្រប់គ្រងអាកាសយានដ្ឋានបានបញ្ជាក់ថា «ការព្រួសផេះភ្នំភ្លើងទៅកាន់កន្លែងផ្សេងៗ មិនបានប៉ះពាល់ដល់ដែនអាកាសកោះបាលីនោះទេ»៕