នៅការដ្ឋានផ្ទះល្វែងមួយកន្លែងស្ថិតក្នុងទីក្រុងតូក្យូ ជាទីដែលសីតុណ្ហភាពកើនឡើងដល់ ៣៥អង្សាសេជាលើកដំបូងក្នុងឆ្នាំនេះ កម្មករក្រុមហ៊ុនសំណង់ Daito Trust បានពាក់អាវបំពាក់ដោយកង្ហាត្រជាក់លើខ្នងរបស់ពួកគេ អំឡុងពេលធ្វើការ ។ អាវទាំងនេះ ត្រូវបានចែកជូនដល់កម្មករ ១.៥០០នាក់ ។
លោក Atsushi Mizutani គឺជាកម្មករសំណង់វ័យ ៤៧ឆ្នាំមួយរូប និយាយថា ពេលដែលលោកពាក់អាវនេះ លោកមិនបែកញើសច្រើននោះទេ ដូច្នេះហើយលោកក៏មិនអស់កម្លាំងនោះដែរ ។
អាវបំពាក់កង្ហានេះ ស្ថិតក្នុងចំណោមដំណោះស្រាយបង្កើតឡើង ដើម្បីជួយកម្មករដោះស្រាយបញ្ហារលកកម្តៅ ពេលពួកគេធ្វើការខាងក្រៅ ងាយរងហានិភ័យចំពោះសុរិយរោគ ។
ការប្រកាសអាសន្នពីសុរិយរោគ ត្រូវបានចេញនៅតាមបណ្តាខេត្តចំនួន ៣០ក្នុងចំណោមខេត្តទាំង ៤៧នៅទូទាំងប្រទេសជប៉ុន នារដូវក្តៅនេះ ។
រលកកម្តៅបានក្លាយជារឿងធម្មតាទៅហើយនៅរដូវក្តៅក្នុងប្រទេសជប៉ុន ជាទីដែលរដ្ឋាភិបាលជប៉ុន តម្រូវឲ្យក្រុមហ៊ុនចាត់វិធានការការពារសុរិយរោគ ។
ទិន្នន័យក្រសួងការងារ បង្ហាញថា កម្មករសំណង់ប្រឈមខ្លាំងជាងគេនឹងសុរិយរោគដែលស្មើនឹង ២០ភាគរយនៃមនុស្សស្លាប់ ឬធ្លាក់ខ្លួនឈឺកាលពីឆ្នាំ ២០២៣ ៕