រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent នៅថ្ងៃចន្ទ (ទី៧ ខែកក្កដា) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងធ្វើការប្រកាសពាណិជ្ជកម្មជាច្រើន ក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។
អំឡុងពេលនិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC លោក Bessent បានបង្ហាញថា មានការវិវត្តថ្មីៗ នៅក្នុងដំណើរការចរចាពាណិជ្ជកម្ម។
លោក Bessent បាននិយាយថា៖ «យើងបានឃើញមនុស្សជាច្រើនផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ ពាក់ព័ន្ធនឹងការចរចា។ ដូច្នេះកាលពីយប់មិញ ប្រអប់សំបុត្ររបស់ខ្ញុំពេញណែនដោយការផ្តល់ជូនថ្មីជាច្រើន ពោលគឺសំណើថ្មីជាច្រើន»។
រដ្ឋមន្ត្រីក្រសួងរតនាគាររូបនេះ បានបន្ថែមថា «វានឹងមានភាពមមាញឹក២-៣ថ្ងៃ» នៅពេលដែលរដ្ឋបាលធ្វើការត្រួតពិនិត្យលើសំណើថ្មីទាំងនេះ ឲ្យបានមុនថ្ងៃផុតកំណត់ចរចាថ្ងៃទី៩ ខែកក្កដារបស់លោកប្រធានាធិបតីអាមេរិក Donald Trump៕