ភ្នំពេញ ៖ តំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចាត់ទុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមាតាមនុស្សធម៌ ដ៏សំខាន់នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះទីណាមានការលំបាក និងរងគ្រោះ ទីនោះគឺមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយដល់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬពូជសាសន៍អ្វីនោះឡើយ។
ឯកឧត្តម តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការអញ្ជើញសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះ បំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា នៅក្នុងពិធីសំណោះសំណាលនោះ សម្តេចបានបង្ហាញនូវក្តីនឹករលឹក ស្រឡាញ់ និងអាណិតអាសូរដល់បងប្អូន ប្រជាពលរដ្ឋ ព្រមទាំងបានសង្កត់ធ្ងន់អំពីអង្គការកាកបាទក្រហម ដែលជាអង្គការក្រៅរាជរដ្ឋាភិបាលមួយ ដែលទទួលអំណោយពី សប្បុរសជនសុទ្ធសាធ ទាំងក្នុងនិងក្រៅប្រទេស ដោយអំណោយទាំងអស់នោះ យកមកចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា គ្មានទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរៃ ស្ត្រីមេម៉ាយជាដើម ដោយមិនរើសអើងពីនិន្នាការនយោបាយនោះឡើយ។
ឯកឧត្តម បន្ថែមឱ្យដឹងថា អ្វីដែលសម្តេចបានយកចិត្តទុកខ្លាំងបន្ថែមទៀតនោះដូចជា ស្រ្តីមានផ្ទៃពោះ គឺសូមឱ្យទៅពិនិត្យ សុខភាពឱ្យបានទៀងទាត់។ ក្រៅពីនេះសម្តេចបានចាប់អារម្ភណ៍លើអ្នកផ្ទុកជំងឺអេដស៍ ដោយសូមឱ្យអ្នកដែលផ្ទុកជំងឺអេដស៍ ត្រូវហ៊ានបង្ហាញពីការពិនិត្យ ដើម្បីទទួលបានសេវាព្យាបាលឱ្យបានទាន់ពេលវេលា។ ចំណែកទាក់ទិនគ្រឿងញៀនវិញ សម្តេចក៏អំពាវ នាវដល់អាព្យាបាលផងដែរ ប្រសិនមានកូនចៅដែលសេពគ្រឿងញៀន ត្រូវរាយការណ៍ទៅអាជ្ញាធរឱ្យបានទាន់ពេលវេលា ដើម្បីមាន វិធានការជួយពួកគាត់ឱ្យបានទាន់ពេលវេលា។ ដោយឡែកចំណុចសំខាន់មួយទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសង្កត់ធ្ងន់ថា អ្នកផ្ទុក ជំងឺអេដស៍ គឺយើងមានថ្នាំពន្យា ប៉ុន្តែជំងឺមហារីក គឺពិបាករកថ្នាំទប់ស្កាត់ណាស់ ដូច្នេះតាមរយៈនេះ, សម្តេចក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបង្កើននូវការដាំដុះបន្លែបង្កាជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ការហូបចុកនៅក្នុងគ្រួសារ ដើម្បី ចៀសពីជំងឺមហារីក ពោលគឺបង្កាទប់ស្កាត់ប្រសើរជាងការព្យាបាល។
ឯកឧត្តម តាំង សុខឃី លើកឡើងឱ្យដឹងថា ទាក់ទង់ការជួយប្រជាពលរដ្ឋដែលជួបការលំបាកនេះ ចំពោះសកម្មភាពរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលមាន ឯកឧត្តម គួច ចំរើន ជាប្រធាន គឺបានបំពេញនូវភារកិច្ចគិតគូរ ជួយប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរដូចជា ប្រជាពលរដ្ឋងាយរងគ្រោះ ងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរៃ ស្ត្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយកិច្ចការទាំងនេះសាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្ដាល គឺបានចុះជួយទាន់ពេលវេលា។ តាមរយៈនេះដែរ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ នៅទូទាំងខេត្ត ប្រសិនមានករណីឃើញប្រជាពលរដ្ឋរងទុកលំបាកដោយប្រការណាមួយ សូមរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ ដែល មានគ្រប់លំដាប់ថ្នាក់ ដើម្បីជួយដោះស្រាយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា ពោលគឺ អង្គការកាកបាទក្រហម គឺនៅជិតប្រជាពលរដ្ឋជានិច្ច៕
អត្ថបទ៖ សុន រ៉ាឌី









