ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (០៧ កក្កដា) ថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនសព្វាអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដើម្បីជួយប្រទេសហែកហួរដោយសង្រ្គាមមួយនេះ បន្តការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន លោក Trump លើកឡើងថា អ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីរុស្ស៊ី ហើយចាំបាច់ត្រូវមានលទ្ធភាពការពារខ្លួន ដូចនេះសហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធការពារជាចម្បង។
លោក Trump កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានប្រាប់អ្នកយកព័ត៌មានថា អ៊ុយក្រែននឹងត្រូវការមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ដើម្បីការពារខ្លួន ប៉ុន្តែមិនបានលើកឡើងពីសព្វាវុធទាំងនោះម្តងទៀតឡើយ ជាពិសេសនៅថ្ងៃចន្ទដែលលោកប្រកាសបញ្ជូនអាវុធបន្ថែមឱ្យទីក្រុងគីវនេះ។
បន្ទាប់ពីជំនួបតាមទូរសព្ទជាមួយលោក Trump កាលថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ភាគីទាំងពីរយល់ព្រមធ្វើការបង្កើនសមត្ថភាពរបស់ទីក្រុងគីវដើម្បី "ការពារផ្ទៃមេឃរបស់ខ្លួន" នៅពេលការវាយប្រហាររបស់រុស្ស៊ី កើនឡើង ហើយរូបលោកក៏បានពិភាក្សាពីការផលិត ទិញ និងវិនិយោគរួមគ្នាលើវិស័យការពារជាតិជាមួយលោក Trump ផងដែរ។
គួរឱ្យដឹងថា អ៊ុយក្រែនបាននឹងកំពុងទទូចសុំឱ្យទីក្រុងវ៉ាស៊ីនតោន លក់មីស៊ីល Patriot កាន់តែច្រើនបន្ថែមទៀត និងប្រព័ន្ធការពារដែនអាកាសនានា ដែលខ្លួនមើលឃើញថាជាគន្លឹះសំខាន់បំផុតក្នុងការការពារទីក្រុងរបស់អ៊ុយក្រែន ពីការវាយប្រហារតាមអាកាសដែលចេះតែកើតឡើងរបស់រុស្ស៊ី៕


