កូរ៉េខាងត្បូង បាននិយាយថា ខ្លួនគ្រោងនឹងបង្កើនកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយបានចាត់ទុកផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ពន្ធ ២៥% លើកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី០១ ខែសីហា ខាងមុខនេះ ថាជាការពង្រីករយៈពេលអនុគ្រោះប្រកបដោយប្រសិទ្ធភាពលើការអនុវត្តពន្ធបដិការ។

ក្រោយមក ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងថា ថ្ងៃផុតកំណត់ថ្មីដូចដែលបានដាក់ដោយលោក Trump នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung មានន័យថា អាចនៅតែមានពេលវេលាសម្រាប់ប្រទេសនានាក្នុងការសម្រេចកិច្ចព្រមព្រៀងជាមួយអាមេរិក។
លោក Trump បាននិយាយកាលថ្ងៃចន្ទ (០៧ កក្កដា) ថា លោកនឹងដាក់ពន្ធលើទំនិញពីកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី០១ ខែសីហា ដោយបានបង្ហោះលិខិតដែលផ្ញើទៅកាន់លោក Lee នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក រួមជាមួយនឹងលិខិតមួយទៅកាន់មេដឹកនាំជប៉ុន។
ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លិខិតនេះបានពង្រីករយៈពេលអនុគ្រោះយ៉ាងមានប្រសិទ្ធភាពលើការអនុវត្តពន្ធបដិការដោយសហរដ្ឋអាមេរិក ដោយបន្ថែមថា ទីក្រុងសេអ៊ូលនឹងបង្កើនការចរចាក្នុងអំឡុងពេលសេសសល់ដើម្បីឈានដល់លទ្ធផលដែលមានប្រយោជន៍ទៅវិញទៅមកដើម្បីដោះស្រាយភាពមិនច្បាស់លាស់អំពីពន្ធ។
យោងតាមទិន្នន័យសេវាគយកូរ៉េបានឱ្យដឹងថា កូរ៉េខាងត្បូងទទួលបានអតិរេកចំនួន ៥៥,៦ពាន់លានដុល្លារ ពីពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៤ ដោយកើនឡើង ២៥% ពីឆ្នាំ២០២៣ ដែលដឹកនាំដោយកំណើនការនាំចេញរថយន្ត៕

