យោងតាមបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា បានឲ្យដឹងថា ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បាននិយាយថា លោកជឿជាក់ថា អ៊ីរ៉ង់អាចដោះស្រាយភាពខ្វែងគំនិតរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកបានតាមរយៈការសន្ទនា ប៉ុន្តែការជឿទុកចិត្តនេះនឹងជាបញ្ហាមួយបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសរបស់លោក។

លោក Pezeshkian បាននិយាយថា «ខ្ញុំមានជំនឿថា យើងអាចដោះស្រាយភាពខ្វែងគំនិតគ្នា និងជម្លោះរបស់យើងជាមួយសហរដ្ឋអាមេរិកបានយ៉ាងងាយស្រួលតាមរយៈការសន្ទនា និងការពិភាក្សា»។
មេដឹកនាំអ៊ីរ៉ង់ បានជំរុញឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មិនត្រូវឲ្យគេអូសទាញធ្លាក់ចូលទៅក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ដោយមេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សានៅសេតវិមាន នោះទេ។

លោក Pezeshkian និយាយថា «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump លោកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំតំបន់នេះឆ្ពោះទៅរកសន្តិភាព និងអនាគតល្អប្រសើរ។ លោកនិយាយបន្ថែមថា ឬឲ្យតំបន់នេះធ្លាក់ចូលទៅក្នុងរណ្តៅ ឬរណ្តៅដីល្បប់ វាអាស្រ័យលើប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការជ្រើសរើសផ្លូវណាមួយ។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា លោកស្រីមិនប្រាកដនោះទេថាតើលោក Trump បានមើលឃើញការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ីរ៉ង់បែបនេះ ឬយ៉ាងណាទេ ប៉ុន្តែបានយល់ស្របថា លោកនិយាយត្រឹមត្រូវក្នុងការផ្លាស់ប្តូរតំបន់ឆ្ពោះទៅរកសន្តិភាព។