ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនបានប្រមូលផ្តុំគ្នានៅខាងក្រៅសេតវិមានដើម្បីទាមទារឱ្យបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា អំឡុងលោកប្រធានាធិបតី Donald Trump កំពុងជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីល្ងាចថ្ងៃចន្ទ ៧ កក្កដា សប្ដាហ៍នេះ។

បាតុករម្នាក់ឈ្មោះ Amanullah Khan បាននិយាយថា ពួកគេមិនគួរនៅស្ងៀមទេ។ ពួកគេគួរតែបញ្ចេញសំឡេងរបស់ខ្លួនឲ្យកាន់តែខ្លាំង។
បាតុករម្នាក់ទៀតឈ្មោះ Megan Didavi បាននិយាយថា រូបគេមានអារម្មណ៍ថាប្រទេសរបស់ពួកគេត្រូវបានប្លន់ដោយមនុស្សដែលចង់ឱ្យសង្គ្រាមបន្ត ។
កិច្ចប្រជុំរវាងលោក Trump និងលោក Netanyahu កើតឡើងទន្ទឹមនឹងក្រុមមន្ត្រីអ៊ីស្រាអែលបានចរចាដោយប្រយោលជាមួយក្រុមហាម៉ាសក្នុងគោលបំណងធានាបានបទឈប់បាញ់នៅតំបន់ហ្កាហ្សានិងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង សបម្របសម្រួលដោយសហរដ្ឋអាមេរិក ។
ដំណើរទស្សនកិច្ចរបស់លោក Netanyahu បានធ្វើឡើងបន្ទាប់ពីការព្យាកររបស់លោក Trump នៅមុនពេលនៃកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរថា កិច្ចព្រមព្រៀងបែបនេះអាចត្រូវបានសម្រេចក្នុងសប្តាហ៍នេះ។មុនពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន មេដឹកនាំអ៊ីស្រាអែលស្តាំនិយមរូបនេះ បាននិយាយថាការពិភាក្សារបស់លោកជាមួយលោកTrump អាចជួយជំរុញការចរចាដែលកំពុងដំណើរការ ក្នុងប្រទេសកាតារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឲ្យសម្រេចបានបទឈប់បាញ់។
ការជួបកាលពីថ្ងៃចន្ទ គឺជាជំនួបទល់មុខគ្នាលើកទីបីរបស់លោក Trump ជាមួយលោក Netanyahu ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងខែមករា ហើយបានកើតឡើងត្រឹមតែជាងពីរសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតីបានបញ្ជាឱ្យទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីគាំទ្រការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ បន្ទាប់មកលោក Trump បានជួយរៀបចំបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្រោយការបាញ់ផ្លោងដាក់គ្នារយៈពេល ១២ ថ្ងៃ៕


