សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រីនៃកម្ពុជា បានលើកទឹកចិត្ត និងណែនាំដល់លោកគ្រូ អ្នកគ្រូ នៅតាមបណ្តាលាលារៀនឲ្យបង្កើតទំនាក់ទំនងជាក្រុមនៅក្នុងបណ្តាញសង្គម ជាមួយឪពុកម្តាយរបស់សិស្សានុសិស្ស ដើម្បីធ្វើការតាមដានសកម្មភាពរបស់សិស្ស និងកូនចៅរបស់ខ្លួនដើម្បី ជៀសវាងការគេចសាលា និងធ្វើកំហុសឆ្គង់ក្នុងសង្គម។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គម៉ែជ័យ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសូមលើកទឹកចិត្តឱ្យគ្រូបង្រៀន និងអាណាព្យាបាលបង្កើតទំនាក់ទំនងជាក្រុម តាមបណ្ដាញសង្គម ដូចជាបណ្តាញតេលេក្រាម និងហ្វេសបុកជាដើម ដើម្បីតាមឱ្យទាន់ពីសកម្មភាពរបស់កូនចៅខ្លួន ក្នុងករណីសិស្សអវត្តមាន គប្បីត្រូវធ្វើការរាយការណ៍ដល់ឪពុកម្តាយ ឬអាណាព្យាបាល របស់ពួកគេភ្លាមៗទើបជាការល្អ។
នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់គប្បីខិតខំរៀនសូត្រផងដែរ ខណៈឪពុកម្តាយបានខិតខំគ្រប់បែបយ៉ាងដើម្បីភាពរីកចម្រើនរបស់កូន និងឲ្យកូនបានសិក្សាខ្ពង់ខ្ពស់នោះ។
សម្ដេចធិបតីក៏បង្ហាញការ អាណិតអាសូរ ខណៈមានឪពុកម្ដាយមួយចំនួនបានសំពះកូនកុំឱ្យធ្វើអំពើខុសឆ្គង់នៅក្នុងសង្គម។ សម្ដេចបន្តថា មានតែឪពុកម្ដាយ និងគ្រូបង្រៀនទេ ដែលខ្វល់ខ្វាយចង់ឱ្យកូន និងសិស្សចេះ ហើយបើក្នុងសង្គម កន្លែងការងារវិញប្រហែលគេមិនខ្វល់ជាមួយយើងដូចលោកគ្រូ អ្នកគ្រូ និងឪពុកម្តាយរបស់យើងនោះទេ៕អត្ថបទ៖ បានចក់






