ក្រុមសកម្មប្រយុទ្ធហ៊ួទី របស់យេម៉ែន ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ (០៧ កក្កដា) ថា នាវាដឹកទំនិញមួយគ្រឿងដែលពួកគេបានវាយប្រហារដោយការបាញ់កាំភ្លើង គ្រាប់រ៉ូកែត និងទូកបំផ្ទុះពីចម្ងាយ បានលិចនៅក្នុងសមុទ្រក្រហម បន្ទាប់ពីការវាយប្រហារដែលគេបានដឹងជាលើកដំបូងបំផុតរបស់ពួកគេ លើសមុទ្រក្រហមនៅក្នុងឆ្នាំនេះ។

ប្រតិបត្តិករជនជាតិក្រិករបស់នាវា Stem Shipping បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួនមិនមានការផ្ទៀងផ្ទាត់ឯករាជ្យលើការអះអាងនេះទេ ហើយភ្លាមៗនេះក៏មិនទាន់អាចបញ្ជាក់បានដែរថាតើកប៉ាល់នោះបានលិចរួចហើយ ឬយ៉ាងណា។
ក្រុមហ៊ួទី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ហើយបាននិយាយថា ពួកគេអនុញ្ញាតឱ្យបុគ្គលិកនាវាទាំង ១៩នាក់ ចុះពីលើកប៉ាល់ដឹកទំនិញដែលមានដោតទង់ជាតិលីបេរីយ៉ា ឈ្មោះ Magic Seas មួយនោះ។ ប្រតិបត្តិករនាវា Stem Shipping បានឱ្យដឹងថា បុគ្គលិកទាំងអស់ត្រូវជួយសង្គ្រោះដោយកប៉ាល់ពាណិជ្ជករដែលឆ្លងកាត់ទីនោះ។
ការវាយប្រហារថ្មីនេះបានបញ្ចប់ភាពស្ងប់ស្ងាត់រយៈពេលកន្លះឆ្នាំនៅសមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ខណៈការវាយប្រហាររបស់ក្រុមហ៊ួទី ចាប់ពីចុងឆ្នាំ២០២៣ ដល់ចុងឆ្នាំ២០២៤ បានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនរវាងអឺរ៉ុប និងអាស៊ី តាមរយៈព្រែកជីកស៊ុយអេ៕

