អ្នកនាំពាក្យក្រសួងសុខាភិបាលអេហ្ស៊ីប បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សយ៉ាងហោចណាស់២២ នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះកាលពីថ្ងៃចន្ទនៅក្នុងមជ្ឈមណ្ឌលទិន្នន័យទូរគមនាគមន៍ដ៏សំខាន់មួយនៅទីក្រុងគែរ។

ប្រជាជនមិនអាចធ្វើការហៅទូរស័ព្ទបាន និងមានការរំខានបណ្តាញអ៊ីនធឺណិតទ្រង់ទ្រាយធំ បន្ទាប់ពីអគ្គិភ័យបានផ្ទុះឡើងនៅក្នុងអគារនៅទីក្រុងគែរ ដោយក្រុមត្រួតពិនិត្យអ៊ីនធឺណិត Netblocks និយាយថា ទិន្នន័យបណ្តាញណេតវឺក បានបង្ហាញពីការតភ្ជាប់មានក្នុងកម្រិតធម្មតា៦២% ។

ប្រភពព័ត៌មានធនាគារ និងប្រជាជននិយាយថា ក្រៅពីការហៅទូរស័ព្ទ សេវាធនាគារឌីជីថលមួយចំនួនក៏រងផលប៉ះពាល់ផងដែរ រួមមានកាតឥណទាន ម៉ាស៊ីនATM និងប្រតិបត្តិការតាមអនឡាញ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Hossam Abdel Ghaffar បាននិយាយថា អ្នករបួសភាគច្រើនបណ្តាលមកពីស្រូបផ្សែង។ អាជ្ញាធរនិយតកម្មទូរគមនាគមន៍ជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា «អគ្គិភ័យ បានឆាបឆេះនៅពេលល្ងាចក្នុងបន្ទប់ដាក់ឧបករណ៍របស់ក្រុមហ៊ុនទូរគមនាគមន៍អេហ្ស៊ីប ETEL.CA ដែលនាំឱ្យមានការរំខានបណ្តោះអាសន្ននៃសេវាទូរគមនាគមន៍»។
អាជ្ញាធរនិយាយថា សេវាត្រូវបានស្តារឡើងវិញក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីថាមពលផ្តល់ដល់អគារទាំងមូលត្រូវបានកាត់ផ្តាច់ ជាវិធានការសុវត្ថិភាព។