ប្រភពពីសហភាពអឺរ៉ុប ដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ (០៧ កក្កដា) ថា ប្លុកអឺរ៉ុបនឹងមិនទទួលបានលិខិតពីទីកក្រុងវ៉ាស៊ីនតោន ដែលកំណត់អត្រាពន្ធកាន់តែខ្ពស់នោះទេ ហើយកំពុងសម្លឹងមើលលទ្ធភាពនៃការលើកលែងបន្ថែមទៀតពីពន្ធមូលដ្ឋាន ១០% របស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមជូនដំណឹងនៅក្នុងលិខិតជាច្រើនច្បាប់ទៅគូពាណិជ្ជកម្មជុំវិញពិភពលោក អំពីអត្រាពន្ធខ្ពស់ខ្លាំងលើទំនិញដែលពួកគេលក់ឱ្យអាមេរិក ចាប់ពីថ្ងៃទី០១ ខែសីហា ខាងមុខនេះ។ ប្រភពមួយចំនួនរបស់អឺរ៉ុបនិយាយថា ប្លុកនេះគឺជិតសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាលលោក Trump ជាផ្លូវការហើយ។
ប្រភពលើកឡើងថា កិច្ចព្រមព្រៀងនេះអាចពាក់ព័ន្ធនឹងសម្បទានមានកំណត់ចំពោះពន្ធមូលដ្ឋានរបស់សហរដ្ឋអាមេរិកចំនួន ១០% សម្រាប់យន្តហោះ និងគ្រឿងបន្លាស់ ឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងស្រវឹងមួយចំនួនទៀត នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយជាមួយរដ្ឋបាលលោក Trump។ ទោះយ៉ាងនេះក្ដី គណៈកម្មការអឺរ៉ុបនិយាយថា មិនមានការធានាច្បាស់លាស់ឡើយថារដ្ឋបាលលោក Trump នឹងមិនដាក់ពន្ធបន្ថែម ឬទាមទារសម្បទានបន្ថែមទៀតពីអឺរ៉ុប។
គួរឱ្យដឹងថា បច្ចុប្បន្ននេះ សហភាពអឺរ៉ុបប្រឈមនឹងពន្ធ ៥០% របស់សហរដ្ឋអាមេរិក លើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន និងអត្រា ២៥% លើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ព្រមទាំងតួលេខ ១០% លើផលិតផលផ្សេងទៀតភាគច្រើន។ សហរដ្ឋអាមេរិកក៏កំពុងសម្លឹងមើលពន្ធបន្ថែមទៀតលើឱសថ និងឧបករណ៍បន្ទះឈីបពាក់កណ្តាលចម្លងផងដែរ៕

