ក្រុមហ៊ុនផលិតដែកថែបរបស់ចក្រភពអង់គ្លេស កំពុងប្រឈមមុខនឹងការទន្ទឹងរង់ចាំដ៏គួរឱ្យភ័យខ្លាចមួយថាតើពួកគេនឹងរងការវាយប្រហារដោយពន្ធរបស់សហរដ្ឋអាមេរិកដែរឬទេ បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសនិយាយថា ខ្លួនប្រឹងប្រែងសម្រេចកិច្ចព្រមព្រៀងដើម្បីការពារឧស្សាហកម្មនេះពីសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump។

គួរឱ្យដឹងថា សហរដ្ឋអាមេរិកបានកំណត់ពន្ធ ៥០% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីបរទេស ខណៈចក្រភពអង់គ្លេសបានបន្ទាបអត្រាពន្ធនោះមកត្រឹម ២៥% ហើយកំពុងព្យាយាមធ្វើឱ្យពន្ធធ្លាក់ដល់សូន្យ ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់បញ្ចប់នៅឡើយ។ ទីកក្រុងវ៉ាស៊ីនតោន បានពន្យារពេលពន្ធបដិការដល់ថ្ងៃទី០១ ខែសីហា ប៉ុន្តែគេមិនច្បាស់ទេថាតើពន្ធលើដែកថែប និងអាលុយមីញ៉ូម មានរួមបញ្ជូលក្នុងនោះឬយ៉ាងណា។
នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស Downing Street បានបដិសេធមិនបញ្ជាក់ឡើយថា តើខ្លួនមានទំនុកចិត្តឬទេថាអាចលុបបំបាត់ពន្ធរបស់អាមេរិក លើដែកថែបរបស់ចក្រភពអង់គ្លេស មុនពេលកំណត់របស់លោក Trump នៅថ្ងៃទី០៩ ខែកក្កដា ស្អែកនេះ។ អ្នកនាំពាក្យម្នាក់របស់ការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយថា "ការងាររបស់អង់គ្លេសជាមួយអាមេរិក នៅតែបន្តដើម្បីឱ្យកិច្ចព្រមព្រៀងត្រូវបានអនុវត្តឱ្យឆាប់តាមដែលអាចធ្វើទៅបាន"។
អង់គ្លេស និងអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកាលពីខែមុន ដែលក្រោមកិច្ចព្រមព្រៀងនេះ វិស័យអាកាសចរណ៍ចក្រភពអង់គ្លេស នឹងប្រឈមមុខនឹងការមិនយកពន្ធអ្វីទាំងអស់ពីសហរដ្ឋអាមេរិក ខណៈឧស្សាហកម្មរថយន្តនឹងមានពន្ធ ១០% ធ្លាក់ចុះពីអត្រា ២៥% ពីមុន៕

