អាជ្ញាធរឥណ្ឌាបាននិយាយកាលពីថ្ងៃចន្ទ (០៧ កក្កដា) ថា ជនភៀសខ្លួនរាប់ពាន់នាក់បានបង្ខំចិត្តភៀសខ្លួនឆ្លងចូលទៅក្នុងរដ្ឋ Mizoram ភាគឦសានរបស់ប្រទេសឥណ្ឌា បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងហិង្សារវាងក្រុមប្រដាប់អាវុធប្រឆាំងរបបយោធាចំនួនពីរនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលនៅជិតខាង។

មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនភៀសខ្លួនបានឆ្លងចូលទៅក្នុងរដ្ឋ Mizoram ចាប់តាំងពីថ្ងៃទី០២ ខែកក្កដា មក នៅពេលដែលការប៉ះទង្គិចគ្នារវាងក្រុមគូប្រជែងចំនួនពីរគឺ កងកម្លាំងការពារជាតិ Chin (CNDF) និងកងកម្លាំងការពារ Chinland-Hualngoram (CDF-H) បានផ្ទុះឡើងជុំវិញការគ្រប់គ្រងតំបន់យុទ្ធសាស្ត្រនៅក្នុងរដ្ឋ Chin ភាគពាយ័ព្យមីយ៉ាន់ម៉ា។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះបាននិយាយថា ជនភៀសខ្លួនប្រហែល ៤.០០០នាក់ បានឆ្លងព្រំដែនចូលឥណ្ឌា ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើម។ លោក K Sapdanga ប្រមុខមហាផ្ទៃប្រចាំរដ្ឋ Mizoram បានបញ្ជាក់ពីការមកដល់ថ្មីនេះ ប៉ុន្តែបានដាក់ចំនួនជនភៀសខ្លួននៅត្រឹម ៣.០០០នាក់ប៉ុណ្ណោះ។
គួរឱ្យដឹងថា រដ្ឋ Mizoram មានព្រំប្រទល់ជាប់នឹងតំបន់របស់មីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធរដ្ឋ Chin ទាំងនោះ ហើយអ្នកស្រុកនៅរដ្ឋរបស់ឥណ្ឌាមួយនេះដែលមានប្រភពកំណើនជាជនជាតិភាគតិច Chin បានទទួលផ្ដល់ការស្នាក់នៅដល់ជនភៀសខ្លួនរាប់ម៉ឺននាក់ ចាប់តាំងពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២១មក៕


