នៅក្នុងបន្ទប់មន្ទីរពេទ្យ Nasser នៅភាគខាងត្បូងតំបន់ហ្កាហ្សា ស្ត្រីម្នាក់កំពុងលួងចៅស្រីអាយុ១៦ខែរបស់គាត់ដែលកំពុងយំ ជាកុមារម្នាក់ក្នុងចំណោមកុមាររងគ្រោះជាអ្វីដែលបុគ្គលិកផ្តល់ជំនួយនិយាយថា ជាការកើនឡើងករណីរលាកស្រោមខួរក្នុងចំណោមកុមារនៅលើដែនដីប៉ាឡេស្ទីន។

អង្គការសុខភាពពិភពលោក និងអង្គការសប្បុរសធម៌វេជ្ជសាស្ត្រ ម៉េឌេស៊ីន សាន ហ្វ្រន់ធា(Médecins Sans Frontières) បានព្រមានថា ស្ថានភាពនៅតំបន់ហ្កាហ្សាបន្ទាប់ពីសង្គ្រាមរយៈពេល២១ ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្កើនហានិភ័យនៃការរីករាលដាលជំងឺរលាកស្រោមខួរ ទោះបីជាពួកគេខ្វះទិន្នន័យប្រៀបធៀបច្បាស់លាស់ដើម្បីវាស់ស្ទង់ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនាពេលថ្មីៗនេះ ក៏ដោយ។

លោកវេជ្ជបណ្ឌិត Rik Peeperkorn តំណាងអង្គការសុខភាពពិភពលោកប្រចាំដែនដីកាន់កាប់ប៉ាឡេស្ទីនបាននិយាយថា «មានការកើនឡើងករណីរលាកស្រោមខួរលើកុមារ»។ «យើងមានការព្រួយបារម្ភខ្លាំង»។ ជាធម្មតា មានការកើនឡើងតាមរដូវកាលនៃករណីរលាកស្រោមខួរនៅតំបន់ហ្កាហ្សាចន្លោះពីខែមិថុនា និងខែសីហា ប៉ុន្តែអង្គការសុខភាពពិភពលោកកំពុងស៊ើបអង្កេតនៃកត្តាបន្ថែមដូចជាអនាម័យមិនល្អ លទ្ធភាពទទួលបានការថែទាំសុខភាពមានកម្រិត និងការរំខានដល់ការចាក់វ៉ាក់សាំងជាប្រចាំ។