ព្យុះត្រូពិកដាណាស់(Danas) បានបោះពួយទៅកាន់សមុទ្រភាគខាងកើតរបស់ប្រទេសចិន នៅព្រឹកថ្ងៃទី៨ខែកក្កដាសប្ដាហ៍នេះ ខណៈខេត្ត ជេជាំង (Zhejiang)បានត្រៀមទប់ទល់បំណាក់ដីដែលអាចកើតមាន បន្ទាប់ពីព្យុះនេះបានបោកបក់ពាសពេញកោះតៃវ៉ាន់ដោយមានខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងជាង ៦០០ នាក់រងរបួស។

ដោយកម្លាំងខ្យល់បោកបក់ក្នុងល្បឿនប្រហែល៨០គីឡូម៉ែត្រក្នុងមួយម៉ោងព្យុះ Danas ត្រូវគេព្យាករណ៍ថានឹងបោះពួយទៅភាគពាយព្យឆ្លងកាត់សមុទ្រចិនខាងត្បូងមុនពេលវាយលុកទីក្រុងកំពង់ផែតៃជូ (Taizhou) ដែលជំរុញឱ្យអាជ្ញាធរដែនសមុទ្រក្នុងតំបន់ផ្អាកការដឹកជញ្ជូនអ្នកដំណើរនិងលុបចោលការធ្វើដំណើរជាង១០០ ។
ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងពីអាកាសធាតុអាប់អួរធ្ងន់ធ្ងរ ដែលក្រុមឧតុនិយមបានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ហានិភ័យទាំងនេះក្នុងមួយឆ្នាំៗ អាចបំផ្លាញសកម្មភាពពាណិជ្ជកម្មដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ដោយសារទឹកជំនន់ជន់លិចទីក្រុងនានា សកម្មភាពដឹកជញ្ជូនទំនិញ និងដីដំណាំត្រូវបានទឹកជំនន់បំផ្លាញ។
ក្រុមអាជ្ញាធរក្នុងខេត្តជេជាំង បានចេញការព្រមានអំពីទឹកជំនន់ដ៏គំហុកនៅព្រឹកព្រលឹមថ្ងៃទី ៨ ខែកក្កដានេះ ដោយអ្នកព្យាករណ៍រំពឹងថានឹងមានភ្លៀងធ្លាក់ដែលមានកម្រិតទឹកភ្លៀងចន្លោះពី១០០ មីលីម៉ែត្រ ទៅ២៥០ មីលីម៉ែត្រ នឹងវាយប្រហារលើចម្ងាយ៦៥០ គីឡូម៉ែត្រពីទីក្រុងហ្វូចូវ (Fuzhou) ជារដ្ឋធានីរបស់ខេត្តជិតខាងហ្វូជៀន (Fujian) រហូតដល់ទីក្រុង ហាំងចូវ (Hangzhou) នៃខេត្តជេជាំង៕

