មនុស្សជាច្រើនក្នុងចំណោមមនុស្សជាង៦០នាក់ដែលបានទៅកាន់មណ្ឌលសុខភាពប្រទេសសូម៉ាលី កំពុងស្វែងរកការចាក់វ៉ាក់សាំង។ នេះបើយោងតាមលោកស្រីវេជ្ជបណ្ឌិត Maryan Mohamed ដែលនិយាយថា លោកស្រីព្រួយបារម្ភថា ប្រសិនបើការផ្គត់ផ្គង់វ៉ាក់សាំងមានកម្រិតទាប នោះមានហានិភ័យធ្ងន់ធ្ងរនៃការផ្ទុះជំងឺ។

អគារនេះ ជាមណ្ឌលសុខភាព Bullo-Jadid ត្រូវបានគាំទ្រដោយអង្គការ Save the Children និង អង្គការ USAID ដែលក្រោយមកត្រូវបានបិទបន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បង្កកហើយក្រោយមកកាត់ជំនួយបរទេសរាប់ពាន់លានដុល្លារ។

លោកស្រី Mohamed និយាយថា ភាគច្រើននៃអ្នកដែលបានមកចាក់វ៉ាក់សាំងនៅទីនេះ គឺមកពីជំរំភៀសខ្លួន និងតំបន់ដាច់ស្រយាល។ លោកស្រីបារម្ភថា ប្រសិនបើប្រជាជនពុំបានចាក់វ៉ាក់សាំងទេ ជំងឺដូចជាក្អកមាន់ និងជំងឺស្វិតដៃជើងនឹងរាលដាល។
អត្រាទទួលបានវ៉ាក់សាំងមានកម្រិតទាបនៅក្នុងប្រទេសសូម៉ាលី ហើយកង្វះអាហារូបត្ថម្ភ កំពុងរាលដាល។ នាយកប្រតិបត្តិអង្គការ Save the Children UK លោក Moazzam Malik បាននិយាយថា តម្រូវការនៅក្នុងប្រទេសសូម៉ាលី គឺធំធេងខ្លាំង។
ខណៈការផ្តល់មូលនិធិជំនួយមានការថយចុះ អ្នកជំនាញផ្នែកសុខភាពបានព្រមានថា ការផ្ទុះឡើងជំងឺ និងអត្រាកង្វះអាហារូបត្ថម្ភ អាចកើនឡើង ដែលធ្វើឲ្យជីវិតកុមាររាប់ពាន់នាក់ប្រឈមហានិភ័យ។