ប្រណាំងយានយន្ត៖ កំពូលកីឡាករប្រណាំងរថយន្ត Rally ជាជើងឯកពិភពលោក Sebastian Loeb បានប្រជែងឈ្នះការប្រកួតប្រណាំងយានយន្ត Dakar Rally ដំណាក់កាលទី២ នៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។

ដំណាក់កាលទី២ ដែលមានចម្ងាយផ្លូវ ៣៣៨គីឡូម៉ែត្រ កីឡាករសញ្ជាតិបារាំងរូបនេះបានមកដល់ទីព្រ័ត្រប្រើវេលាតិចជាងគេ ៣ម៉ោង ២៥នាទី តាមពីក្រោយដោយកីឡាករកាតា Nasser Al-Attiyah យឺតជាង ៣នាទី ២៨វិនាទី និងអ្នកលេខ ៣ កីឡាករអេស្ប៉ាញ Carlos Sainz យឺតជាង ៥នាទី ៥២វិនាទី។ ក្រោយ ២ដំណាក់កាលនេះកីឡាកររបស់ក្រុមតូយ៉ូតា Nasser Al-Attiyah នៅតែបន្តនាំមុខគេក្នុងតារាងរួមតាមពីក្រោយដោយ Sebastian Loeb ជាង ៩វិនាទី និងលេខ ៣ កីឡាករអាហ្សង់ទីន Lucio Alvarez។
ងាកមកការប្រកួតផ្នែកម៉ូតូវិញកីឡាករអេស្ប៉ាញ Joan Barreda Bort គឺជាអ្នកឈ្នះដំណាក់កាលនេះតាមពីក្រោយដោយកីឡាករអង់គ្លេស Sam Sunderland និងលេខ ៣ កីឡាករអាហ្សង់ទីន Kevin Benavides។ កីឡាករអង់គ្លេស Sam Sunderland របស់ក្រុម Gas Gas បន្តនាំមុខគេក្នុងតារាងរួមផ្នែកម៉ូតូនេះ។ សំរាប់ដំណាក់កាលទី៣ ថ្ងៃអង្គារនេះមានចម្ងាយផ្លូវ ២៥៥គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ