លោក Hasan Izz-Al-Din អ្នកនាំពាក្យរបស់ចលនានេះ និងជាសមាជិកសភា បាននិយាយថា ចលនា ហេសបូឡា Shia បានទទូចថា អ៊ីស្រាអែលត្រូវតែអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានឈានដល់ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយមិនឃើញហេតុផលសម្រាប់លីបង់ ក្នុងការបន្តកិច្ចព្រមព្រៀង ជាមួយរដ្ឋជ្វីហ្វនោះទេ។

លោកបានប្រាប់សារព័ត៌មានគុយវ៉ែត Al-Anba ថា៖«សហរដ្ឋអាមេរិក និងបារាំង ដែលជាសហឧបត្ថម្ភនៃបទឈប់បាញ់ ចាំបាច់ត្រូវធ្វើឲ្យអ៊ីស្រាអែលគោរពបទឈប់បាញ់ និងដកកងទ័ពចេញពីលីបង់ ជាជាងការព្យាយាមដាក់ឯកសារមួយផ្សេងទៀតលើរដ្ឋាភិបាលលីបង់ ដែលនឹងលុបចោលឯកសារមុន។ លោក Izz-Al-Din បានបន្ថែមថា៖«នេះជាមូលហេតុដែលក្រុមហេសបូឡាប្រឆាំងកិច្ចព្រមព្រៀងថ្មីណាមួយ ជាមួយអ៊ីស្រាអែល»។ លោកក៏បាននិយាយផងដែរថា គំនិតរបស់កងកម្លាំងតស៊ូបញ្ជូនអាវុធទៅឲ្យកងទ័ពលីបង់ ចំពេលមានការកាន់កាប់របស់អ៊ីស្រាអែលដែលកំពុងបន្ត គឺជា«គ្រោងការណ៍ដ៏គ្រោះថ្នាក់»។

លោក Izz-Al-Din បានធ្វើការអត្ថាធិប្បាយទាំងនេះ រយៈពេលប៉ុន្មានម៉ោងមុនការមកដល់របស់បេសកជនពិសេសអាមេរិកលោក Tom Barrack នៅទីក្រុងបេរូត(Beirut) ជាកន្លែងដែលលោកត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីផែនទីបង្ហាញផ្លូវសម្រាប់ការរំសាយអាវុធនៃកងជីវពល Shia របស់ក្រុមហេសបូឡា ជាមួយអាជ្ញាធរលីបង់។ សមាជិកសភាបានជំរុញឲ្យថ្នាក់ដឹកនាំរបស់ប្រទេសលីបង់អនុម័ត «ជំហររឹងមាំ ឯករាជ្យ បដិសេធការចោទប្រកាន់ និងការជ្រៀតជ្រែកពីបរទេស នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ»។
នាពេលមុននេះ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយថា៖«ស្ថិរភាពយូរអង្វែងនៅក្នុងប្រទេសលីបង់ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីប្រទេស និងបញ្ចប់រាល់សកម្មភាពឈ្លានពាន»។ លោកក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលមានបំណងធានាថា អង្គការភេរវកម្មទាំងអស់ ប្រគល់អាវុធរបស់ពួកគេ ទៅឲ្យកងទ័ពលីបង់។