ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បាននិយាយថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទំនងជានឹងត្រូវធ្វើឡើង នៅសប្តាហ៍ក្រោយ។

លោកបាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅសេតវិមានថា៖«កិច្ចប្រជុំនេះ នឹងកើតឡើង ក្នុងពេលឆាប់ៗនេះ។
ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា អ៊ីរ៉ង់បានស្នើសុំឲ្យមានកិច្ចប្រជុំមួយ។ បើតាមមេដឹកនាំអាមេរិករូបនេះ លោកមើលមិនឃើញចំណុចជាច្រើន ក្នុងការចរចាជាមួយសាធារណរដ្ឋឥស្លាមទេ ចាប់តាំងពីអាមេរិក បានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនរួចហើយ។ លោកប្រធានាធិបតីអាមេ រិក ក៏បានបញ្ជាក់ដែរថា ទីក្រុងវ៉ាស៊ីនតោន ទំនងជាមិនត្រូវការប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ម្តងទៀតទេ។

អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅយប់ថ្ងៃទី ១៣ ខែមិថុនា។ រយៈពេលមិនដល់មួយថ្ងៃក្រោយមក សាធារណរដ្ឋឥស្លាម បានធ្វើការវាយប្រហារសងសឹក។ សហរដ្ឋអាមេរិក បានចូលរួមក្នុងជម្លោះនេះ រយៈពេល ៩ថ្ងៃ បន្ទាប់ពីការកើនឡើងភាពតានតឹង បានកើតឡើង ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងទីក្រុង Fordow, Natanz និង Isfahan ។ នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា អ៊ីរ៉ង់ បានវាយប្រហារលើមូលដ្ឋាន Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា មានទីតាំងនៅក្នុងប្រទេសកាតា។ បន្ទាប់ពីព្រឹត្តិការណ៍ទាំងនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់មួយ។ បទឈប់បាញ់នេះ បានចូលជាធរមាន នៅថ្ងៃទី ២៤ ខែមិថុនា។