ចំនួនករណីជំងឺកញ្ជ្រឹល ដែលបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងពេល ៣៣ឆ្នាំ ដោយមានអ្នកឆ្លងដែលត្រូវបញ្ជាក់ជិត ១.៣០០នាក់ នៅទូទាំងប្រទេសគិតត្រឹមថ្ងៃសុក្រ ០៤ កក្កដា សប្ដាហ៍មុន។ ទិន្នន័យដែលចេញផ្សាយដោយសាកលវិទ្យាល័យ John Hopkins បានលើកឡើងពីការវិវឌ្ឍដ៏សំខាន់ថ្មីមួយក្នុងការផ្ទុះឡើងនៃជំងឺអាចបង្ការបានដោយវ៉ាក់សាំងបែបនេះ ដែលពីមុនធ្លាប់គិតថាត្រូវលុបបំបាត់ចោលទៅហើយនៅសហរដ្ឋអាមេរិក។

ករណីជំងឺកញ្ជ្រឹលត្រូវរាយការណ៍នៅក្នុងរដ្ឋចំនួន៣៨ និងតំបន់វ៉ាស៊ីនតោន ក្នុងឆ្នាំនេះ ដោយយ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ ហើយ ១៥៥នាក់ផ្សេងទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បានឱ្យដឹងថា ភាគច្រើននៃករណីជំងឺកញ្ជ្រឹល -ពោលគឺ ៩២% - គឺជាអ្នកដែលមិនបានទទួលថ្នាំបង្ការ ឬស្ថានភាពនៃការចាក់វ៉ាក់សាំងមិនច្បាស់លាស់។
ក្រុមមន្ត្រីសុខាភិបាលនិយាយថា ការរីករាលដាលនៃជំងឺកញ្ជ្រឹលកំពុងកើតឡើងភាគច្រើននៅតំបន់ដែលអត្រាទទួលថ្នាំបង្ការកាន់តែទាប ដូចជាសហគមន៍ Mennonite ក្នុងរដ្ឋតិចសាស់ ជាដើម ដែលបដិសេធមិនប្រើថ្នាំសម័យទំនើប។ ការផ្ទុះឡើងនៃជំងឺនេះបានកើតឡើងនៅពេលអារម្មណ៍ប្រឆាំងនឹងវ៉ាក់សាំងនៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត កើនឡើងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ករណីជំងឺកញ្ជ្រឹលនៅសហរដ្ឋអាមេរិក មានកម្រិតខ្ពស់បំផុតនៅក្នុងការចងចាំនាពេលថ្មីៗនេះក្នុងឆ្នាំ១៩៩០ ជាមួយនឹងការរាយការណ៍ជិត ២៨.០០០ករណីឆ្លង នេះបើយោងតាមទិន្នន័យរបស់ CDC ។ ក្រុមអ្នកជំនាញសុខភាពសាធារណៈនិយាយថា អាមេរិកនឹងបាត់បង់ស្ថានភាពលុបបំបាត់ជំងឺកញ្ជ្រឹលរបស់ខ្លួន ប្រសិនបើមានការបន្តរីករាលដាលនៃជំងឺបែបនេះក្នុងអត្រាបច្ចុប្បន្នលើសពី ១២ខែ៕

