នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃចន្ទ (០៧ កក្កដា) ថា លោកចង់បានសន្តិភាពជាមួយប៉ាឡេស្ទីន ប៉ុន្តែក៏លើកឡើងថា រដ្ឋឯករាជ្យណាមួយនាពេលអនាគតរបស់ប៉ាឡេស្ទីនគឺជាទីកន្លែងមួយដើម្បីបំផ្លាញអ៊ីស្រាអែល ហើយសម្រាប់ហេតុផលនោះ អំណាចអធិបតេយ្យភាពនៃសន្តិសុខត្រូវតែនៅជាមួយអ៊ីស្រាអែលជានិច្ច។
ថ្លែងនៅសេតវិមាន ជាទីដែលលោកជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump លោក Netanyahu បានពណ៌នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៃការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ថាជាភស្តុតាងច្បាស់លាស់នៃអ្វីដែលប៉ាឡេស្ទីន អាចនឹងធ្វើលើរដ្ឋមួយ។

នៅពេលត្រូវសាកសួរថាតើដំណោះស្រាយរដ្ឋពីរអាចធ្វើទៅបានឬទេ លោក Trump ឆ្លើយថា "លោកមិនដឹងទេ" ហើយបានបញ្ជូនសំណួរអ្នកសារព័ត៌មានទៅឱ្យលោក Netanyahu។ ចំណែកលោក Netanyahu លើកឡើងថា៖ "ប៉ាឡេស្ទីនគួរតែមានអំណាចស្វ័យគ្រប់គ្រងទាំងអស់ ប៉ុន្តែមិនត្រូវមានអំណាចណាមួយដែលអាចគំរាមកំហែងដល់អ៊ីស្រាអែលទេ។ នោះមានន័យថា អំណាចអធិបតេយ្យភាព ដូចជាសន្តិសុខទាំងមូល នឹងនៅតែស្ថិតក្នុងដៃរបស់អ៊ីស្រាអែលជានិច្ច"។
ប្រជាជនប៉ាឡេស្ទីនបានស្វះស្វែងបង្កើតរដ្ឋឯករាជ្យមួយនៅតំបន់កាន់កាប់ West Bank ដែនដី Gaza និងនៅក្រុង Jerusalem ខាងកើតជាយូរមកហើយ តាមរយៈដំណើរការសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ មនុស្សជាច្រើនចោទអ៊ីស្រាអែលថាបំផ្លាញការរំពឹងទុករបស់រដ្ឋប៉ាឡេស្ទីន តាមរយៈការបង្កើនការតាំងទីលំនៅនៅតំបន់ West Bank និងការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាភាគច្រើនក្នុងអំឡុងសង្គ្រាមបច្ចុប្បន្ន ប៉ុន្តែអ៊ីស្រាអែលបានបដិសេធ៕

