ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics នៅថ្ងៃអង្គារ (០៨ កក្កដា) នេះបានព្យាករថានឹងមានការធ្លាក់ចុះខ្លាំងជាងការរំពឹងទុក ៥៦% ក្នុងប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទីពីរ ដោយសារការលក់បន្ទះឈីប AI ទន់ខ្សោយព្រោះតែក្ដីបារម្ភរបស់វិនិយោគិនកាន់តែស៊ីជម្រៅលើសមត្ថភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះក្នុងការស្រោចស្រង់អាជីវកម្មបន្ទះឈីបពាក់កណ្ដាលចម្លង ដែលកំពុងជួបការលំបាករបស់ខ្លួន។

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោកនេះ បានស្តីបន្ទោសការខកខានប្រាក់ចំណេញទៅលើការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក លើបន្ទះឈីប AI កម្រិតខ្ពស់ពីចិន ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការធ្លាក់ចុះនេះក៏ដោយសារតែការពន្យារពេលក្នុងការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) ដល់អតិថិជនសំខាន់របស់អាមេរិកគឺ Nvidia។
Samsung ប៉ាន់ប្រមាណប្រាក់ចំណេញប្រតិបត្តិការចំនួន ៤,៦សែនកោដិវ៉ុន សម្រាប់ត្រីមាសទី២ ពោលគឺរយៈពេលពីខែមេសា ដល់ខែមិថុនា ធៀបនឹងតួលេខ ៦,២សែនកោដិវ៉ុនរបស់ប្រព័ន្ធវិភាគទិន្នឆ្លាតវៃ LSEG SmartEstimate។ អត្រានេះនឹងទន់ខ្សោយបំផុតក្នុងពេល ៦ត្រីមាស ដែលធ្លាក់ចុះពី ១០,៤សែនកោដិវ៉ុន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង ៦,៧សែនកោដិវ៉ុននៅក្នុងត្រីមាសមុន។
លទ្ធភាពពន្ធគយរបស់សហរដ្ឋអាមេរិក ក៏ធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់អាជីវកម្មបន្ទះឈីប និងទូរសព្ទរបស់ក្រុមហ៊ុន Samsung ផងដែរ ដែលធ្វើឱ្យមានសម្ពាធកាន់តែធំ៕

