ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ក្នុងរយៈពេលបួនខែនៃការបិទផ្លូវរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ស្ទើរតែទាំងអស់នៃការស្តុកប្រេងឥន្ធនៈដែលនៅសល់របស់អង្គការសហប្រជាជាតិក្នុងតំបន់ហ្កាហ្សា ត្រូវបានលៃលកសម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះជីវិតមនុស្ស។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា «អ្នកផ្តល់សេវា ដូចជាមន្ទីរពេទ្យ បានបែងចែកការផ្គត់ផ្គង់។ ប៉ុន្តែនេះ មិនអាចទ្រទ្រង់ប្រតិបត្តិការសំខាន់ៗបានយូរជាងនេះទេ»។ «គ្មានប្រេងឥន្ធនៈដែលអាចដំណើរការចូលទៅបាន នោះមានន័យថាគ្មានរថយន្តគិលានសង្គ្រោះ គ្មានអគ្គិសនីសម្រាប់មន្ទីរពេទ្យ និងគ្មានទឹកស្អាត»។

អង្គការ OCHA បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល ត្រូវតែអនុញ្ញាតឱ្យប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្កាហ្សា ដោយមិនបង្អង់យូរ។ ការិយាល័យនេះ បាននិយាយថា ដៃគូទូរគមនាគមន៍របស់ខ្លួនបានព្រមានថា តំបន់ហ្កាហ្សាអាចរងការដាច់អ៊ីនធឺណិតភ្លាមៗ ដោយសារតែកង្វះប្រេងឥន្ធនៈ។ ក្រុមអង្គការមនុស្សធម៌បាននិយាយថា វិបត្តិចុងក្រោយនេះ កើតឡើងនៅពេលដែលជនស៊ីវិលនៅហ្កាហ្សាប្រឈមអំពើហិង្សា ដ៏បង្ហូរឈាម មិនត្រឹមតែមកពីអរិភាពដែលកំពុងបន្តប៉ុណ្ណោះទេ ប៉ុន្តែតាមសេចក្តីរាយការណ៍ថែមទាំងជួបអំពើហិង្សា ខណៈពេលទៅទទួលយកជំនួយស្បៀងអាហារក្នុងពេលប្រឈមភាពអត់ឃ្លាន។
អង្គការOCHA និយាយថា ពលរដ្ឋប៉ាឡេស្ទីនបន្ថែមទៀតត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈព្យាយាមដើម្បីទទួលបានស្បៀងអាហារ។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរាយការណ៍ថា ការស្ទង់មតិនាពេលថ្មីៗនេះ បង្ហាញថា ស្ទើរតែមនុស្សម្នាក់ក្នុងចំណោមបីនាក់ គ្មានអាហារទទួលទានជាច្រើនថ្ងៃ ដែលធ្វើឲ្យមនុស្សកាន់តែច្រើនប្រឈមភាពអត់ឃ្លាន។
