ក្រុមប្រទេសចំនួន៤៨ប្រទេស បានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកប្រឆាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) និងបានថ្កោលទោសរាល់ការគំរាមកំហែង និងការនិយាយវាយប្រហារលើចៅក្រម និងបុគ្គលិករបស់តុលាការនេះ។

ប្រទេសទាំងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងឈរនៅជាមួយតុលាការ ហើយប្តេជ្ញាបន្តការគាំទ្រយ៉ាងពេញទំហឹងរបស់យើងសម្រាប់តុលាការ ដូច្នេះតុលាការអាចបន្តដំណើរការដោយឯករាជ្យ និងប្រកបដោយប្រសិទ្ធភាព»។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោកTrump បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង មន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដោយដាក់ឈ្មោះចៅក្រមចំនួនបួនរូប ដែលរដ្ឋបាលនេះបានចោទប្រកាន់ថា បានចាត់វិធានការដោយ «ខុសច្បាប់ និងគ្មានមូលដ្ឋាន» ប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងប្រទេសអ៊ីស្រាអែល។
