យោធាអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានវាយលុកមជ្ឈមណ្ឌលជ្រើសរើសអ្នកបម្រើការយោធាចំនួនពីរនៅក្នុងការវាយប្រហារដោយយានដ្រូនដាច់ដោយឡែកពីគ្នា កាលពីថ្ងៃចន្ទ ដោយបង្កើនយុទ្ធនាការថ្មីនៃការវាយប្រហារដែលទីក្រុងគីវ និយាយថា មានគោលបំណងរំខានដល់ការជ្រើសរើសយោធារបស់ខ្លួន។
ការវាយប្រហារកាលពីថ្ងៃចន្ទ បានបំផ្លាញការិយាល័យជ្រើសរើសទាហានថ្មី នៅក្នុងរដ្ឋធានីក្នុងតំបន់ Kharkiv និង Zaporizhzhia ហើយបានកើតឡើងមួយថ្ងៃបន្ទាប់ពីយានដ្រូនរបស់រុស្ស៊ី បានវាយប្រហារលើមជ្ឈមណ្ឌលជ្រើសរើសអ្នកចូលបម្រើកងទ័ព នៅកណ្តាលទីក្រុង Kremenchuk របស់អ៊ុយក្រែន។

កាលពីសប្តាហ៍មុន ការវាយប្រហាររបស់រុស្ស៊ី បានកំណត់គោលដៅទៅលើការិយាល័យជ្រើសរើសទាហានថ្មី នៅក្នុងទីក្រុង Poltava ដែលជារដ្ឋធានីក្នុងតំបន់មួយផ្សេងទៀត និង ទីក្រុង Kryvyi Rih ដែលជាទីក្រុងកំណើតរបស់លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី។
ការវាយប្រហារកាលពីថ្ងៃចន្ទ បានកើតឡើងនៅក្នុងតំបន់ដែលមានប្រជាជនច្រើន ដោយបានបង្កឲ្យជនស៊ីវិលរាប់សិបនាក់រងរបួស និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងអគារផ្ទះល្វែងមួយចំនួន។ នៅទីក្រុង Kharkiv ក្រុមអ្នកជួយសង្គ្រោះ បានកកាយរកក្នុងនៅក្រោមបំណែកអគារបាក់បែក ខណៈដែលអ្នកស្រុកមួយចំនួនដែលភាំងស្មារតី បានដឹងខ្លួនឡើងវិញ។
អភិបាលក្រុង Kharkiv លោក Ihor Terekhov បានប្រាប់អ្នកយកព័ត៌មាន នៅមុខអគារដែលឆេះខ្លោចទាំងស្រុងថា៖«នេះ គឺជាយុទ្ធសាស្ត្រ ដែលសត្រូវរបស់យើង បានជ្រើសរើស»។
