រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា លោករំពឹងថា នឹងបានជួបជាមួយសមភាគីចិន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីជំរុញការពិភាក្សាផ្នែកពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ របស់ពិភពលោក។
បើទោះបីជាលោក Bessent មិនបានកំណត់អត្តសញ្ញាណសមភាគីរបស់លោកដោយដាក់ឈ្មោះចំៗក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងរតនាគាររូបនេះ កន្លងមកបានមានទំនាក់ទំនងជាមួយឧបនាយករដ្ឋមន្ត្រី លោក He Lifeng ដែលបានដឹកនាំគណៈប្រតិភូរបស់ប្រទេសចិន សម្រាប់កិច្ចពិភាក្សា នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ក្នុងខែមិថុនាជាមួយសហរដ្ឋអាមេរិក ស្តីពីបញ្ហាពាណិជ្ជកម្ម។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ (ទី៧ ខែកក្កដា) លោក Bessent បាននិយាយថា៖ «ខ្ញុំនឹងជួបជាមួយសមភាគីចិនរបស់ខ្ញុំនៅពេលណាមួយក្នុងប៉ុន្មានសប្តាហ៍ខាងមុខ»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា មានអ្វីជាច្រើនដែលយើងត្រូវធ្វើជាមួយគ្នា ប្រសិនបើប្រទេសចិនចង់ធ្វើ។ ដូច្នេះយើងនឹងពិភាក្សាគ្នាថា តើយើងអាចធ្វើអ្វីឲ្យហួសពីបញ្ហាពាណិជ្ជកម្មទៅកាន់វិស័យផ្សេងទៀតបាន ឬអត់»។
ក្រសួងពាណិជ្ជកម្មចិនមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ការចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងក្រោយមកនៅទីក្រុងឡុងដ៍ បានឃើញថា ប្រទេសទាំង២ ព្រមព្រៀងបញ្ឈប់វិធានការដំឡើងអាត្រាពន្ធយ៉ាងធ្ងន់ធ្ងរសងសឹកគ្នាទៅវិញទៅមក នៅដើមឆ្នាំ២០២៥ នេះ។ ទីក្រុងប៉េកាំងបានយល់ព្រមបន្ធូរបន្ថយការនាំចេញរ៉ែកម្រដែលមានសារៈសំខាន់ ចំពោះឧស្សាហកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក រាប់ចាប់ពីបន្ទះឈីប ថាមពលស្អាត និងការដឹកជញ្ជូន ជាថ្នូរនឹងការលុបចោលការរឹតបន្តឹងមួយចំនួនពីសហរដ្ឋអាមេរិកវិញ៕
