ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី៧ ខែកក្កដា) បាននិយាយថា លោកចង់លុបចោលទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ នៅក្នុងពេលវេលាដ៏ត្រឹមត្រូវណាមួយ។
អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅពេលចាប់ផ្តើមអាហារពេលល្ងាចជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លោក Trump បានបញ្ជាក់ថា ចំណាត់ការនាពេលថ្មីៗនេះ ក្នុងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពីប្រទេសស៊ីរី នឹងជួយឲ្យប្រទេសនេះធ្វើដំណើរឆ្ពោះទៅមុខ ហើយលោកសង្ឃឹមថា វិធានការស្រដៀងគ្នានេះ អាចនឹងកើតឡើង ចំពោះអ៊ីរ៉ង់។

មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានសង្កត់ធ្ងន់ថា៖ «ក្នុងពេលវេលាដ៏ត្រឹមត្រូវណាមួយ ខ្ញុំចង់លុបចោលទណ្ឌកម្មទាំងនោះ ផ្តល់ឱកាសឲ្យពួកគេកសាងប្រទេសឡើងវិញ ព្រោះខ្ញុំចង់ឃើញអ៊ីរ៉ង់កសាងខ្លួនឯងឡើងវិញ តាមវិធីសាស្ត្រសន្តិភាព ហើយកុំនិយាយពាក្យថា ស្លាប់ទៅប្រជាជនអាមេរិក ស្លាប់ទៅសហរដ្ឋអាមេរិក ស្លាប់ទៅអ៊ីស្រាអែល ដូចដែលពួកគេកំពុងធ្វើ»។
គួររំលឹកថា បន្ទាប់ពីអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ហើយបន្ទាប់មក សាធារណរដ្ឋឥស្លាម បានធ្វើការវាយប្រហារសងសឹកវិញនោះ សហរដ្ឋអាមេរិកបានចូលរួមក្នុងជម្លោះនេះ ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងទីក្រុង Fordow, Natanz និង Isfahan។ លោក Trump បានប្រកាសពីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ បទឈប់បាញ់នោះ បានចូលជាធរមាន នៅថ្ងៃទី២៤ ខែមិថុនា៕
