ការបង្ហាញខ្លួនលើកដំបូងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នៅក្នុងកិច្ចប្រជុំកំពូលរបស់ Brics នៅប្រទេសប្រេស៊ីល បានបង្ហាញពីជំហានដ៏អង់អាច ជាការប៉ុនប៉ងរបស់ទីក្រុងហ្សាការតា ក្នុងការលើកកម្ពស់តួនាទីសកលរបស់ខ្លួន តែក្រុមអ្នកវិភាគ បានព្រមានថា ព្រឹត្តិការណ៍ការទូតដ៏សំខាន់នេះ អាចធ្វើឲ្យមានភាពតានតឹងដល់ទំនាក់ទំនងជាមួយអាស៊ាន (ASEAN) សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
កិច្ចប្រជុំកំពូល នៅថ្ងៃទី៦ និងទី៧ ខែកក្កដា នាទីក្រុង Rio de Janeiro បានបង្ហាញពីការចូលរួមជាលើកដំបូងរបស់ឥណ្ឌូនេស៊ី ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់ក្រុម BRICS ដែលបង្កើតឡើងដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ការរួមគ្នាជាក្រុមដែលមានសមាជិកចំនួន ១១ប្រទេសនេះ មានគោលបំណងពង្រីកឥទ្ធិពលរបស់ Global South (ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូង) តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

មន្ត្រីខុទ្ទកាល័យ លោក Teddy Indra Wijaya បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី Prabowo បានចាត់ទុកសមាជិកភាពរបស់ឥណ្ឌូនេស៊ីនេះថា ជាវិធីមួយ ដើម្បី «ពង្រឹងជំហររបស់ខ្លួនជាសកល» និង «គាំទ្រស្ថិរភាព និងវិបុលភាពសកល» តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ទូលំទូលាយ។
តែលោកសាស្ត្រាចារ្យរង Teuku Rezasyah នៅសាកលវិទ្យាល័យ Padjadjaran និងសាកលវិទ្យាល័យ President បានលើកឡើងថា ព្រឹត្តិការណ៍បែបនេះ អាចប្រឈមនឹងការចុះខ្សោយនៃឯកភាពអាស៊ាន និងការទម្លាក់ប្លុកទៅជា «កម្រិតទី២» នៃសារៈសំខាន់ សម្រាប់អ្នកដែលចូលរួមជាមួយ BRICS។
ចំណែកលោក Muhammad Habib Abiyan Dzakwan អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិរបស់ឥណ្ឌូនេស៊ី បាននិយាយថា ទីក្រុងហ្សាការតាត្រូវតែធានាថា ខ្លួនបែងចែកធនធានការទូត និងការយកចិត្តទុកដាក់ផ្នែកនយោបាយគ្រប់គ្រាន់ ដើម្បីរក្សាវត្តមាន និងការចូលរួមប្រកបដោយអត្ថន័យ នៅក្នុងកិច្ចប្រជុំ និងគំនិតផ្តួចផ្តើមដែលដឹកនាំដោយអាស៊ាន។ លោកបានបន្ថែមថា បើមិនដូច្នេះទេ ទំនាក់ទំនងរបស់ខ្លួនជាមួយសមាជិកអាស៊ានផ្សេងទៀតអាចរងផលប៉ះពាល់៕
