នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់លោក Donald Trump ថា លោកបានជ្រើសរើសលោកប្រធានាធិបតីអាមេរិក សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដោយប្រើប្រាស់ទស្សនកិច្ច នៅសេតវិមាន ដើម្បីពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំង២ បន្ថែមទៀត ខណៈដែលសហរដ្ឋអាមេរិកដាក់សម្ពាធឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។
អំឡុងពេលចាប់ផ្តើមអាហារពេលល្ងាចជាមួយលោក Trump និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត កាលពីចន្ទ (ថ្ងៃទី៧ ខែកក្កដា) លោក Netanyahu បានប្រាប់អ្នកសារព័ត៌មានថា៖ «គាត់ (លោក Trump) កំពុងធ្វើការ ដើម្បីកសាងសន្តិភាព ឥឡូវនេះ ពីប្រទេសមួយ ទៅប្រទេសមួយ និងពីតំបន់មួយ ទៅតំបន់មួយផ្សេងទៀត»។

នៅទីនោះ លោក Netanyahu បានបង្ហាញលិខិតមួយច្បាប់ ហើយបាននិយាយថា៖ «ដូច្នេះ ខ្ញុំចង់បង្ហាញជូនអ្នក លោកប្រធានាធិបតី នូវលិខិតដែលខ្ញុំបានផ្ញើទៅគណៈកម្មាធិការរង្វាន់ណូបែល។ វាគឺជាការជ្រើសរើសរូបអ្នក សម្រាប់ពានរង្វាន់សន្តិភាព ជាអ្វីដែលអ្នកសមនឹងទទួលបាន»។ លោក Trump បានឆ្លើយតបវិញថា៖ «ការទទួលបានការគាំទ្រចេញពីអ្នកបែបនេះ គឺមានអត្ថន័យខ្លាំងជាពិសេស»។
គួរបញ្ជាក់ថា លោក Netanyahu មិនមែនជាមេដឹកនាំបរទេសដំបូងគេនោះឡើយ ដែលគាំទ្រលោក Trump ដែលចង់ទទួលបានពានរង្វាន់ណូបែលជាយូរមកហើយ។ កាលពីខែមិថុនា ប្រទេសប៉ាគីស្ថានបានប្រាប់ថា ខ្លួននឹងជ្រើសរើសលោក Trump សម្រាប់ពានរង្វាន់នេះ ដោយនេះបានបង្ហាញឲ្យឃើញថា តើបណ្ដាមេដឹកនាំបរទេសយល់អំពីវិធីល្អបំផុតយ៉ាងដូចម្ដេច ដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បានពីប្រធានាធិបតីអាមេរិក នោះគឺការសរសើររូបលោក៕
