មន្រ្តីរដ្ឋាភិបាលមួយរូបនិយាយថា នៅថ្ងៃអង្គារនេះ ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ជ្រលងភ្នំហិម៉ាឡៃ ដោយហូរនាំយកទៅមនុស្ស ១៨នាក់ និងបំផ្លិចបំផ្លាញស្ពាននៅតំបន់ព្រំដែនជាមួយចិន ។
លោក Arjun Paudel គឺជាមន្រ្តីស្រុក Rasuwa និយាយថា មនុស្សម្នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និងមនុស្ស ១៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងទឹកជំនន់លើទន្លេ Bhotekoshi ។
ទឹកជំនន់ បានបំផ្លាញស្ពានមិត្តភាព ស្ថិតក្នុងស្រុក Rasuwaដែលមានចម្ងាយ ១២០គ.ម ភាគខាងជើងរដ្ឋធានីកដ្ឋម៉ាន់ឌូ នាព្រឹកថ្ងៃអង្គារនេះ ។

វាបានហូរនាំយកទៅផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងរថយន្តជាច្រើនគ្រឿង ដែលចតនៅព្រំដែនដើម្បីឲ្យគយត្រួតពិនិត្យ ។ រថយន្តអគ្គិសនីរាប់រយគ្រឿងដែលនាំចូលពីចិន ត្រូវបានចតនៅចំណុចព្រំដែននោះផងដែរ ។
អាជ្ញាធរជាតិកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិនេប៉ាល់និយាយថា ពលរដ្ឋនេប៉ាល់ ១១នាក់ និងពលរដ្ឋចិន ៦នាក់ ស្ថិតនៅក្នុងចំណោមមនុស្សបាត់ខ្លួន ៕
