តុលាការស្លូវ៉ាគីនឹងចាប់ផ្តើមដំណើរការសវនាការនៅថ្ងៃអង្គារ (ទី៨ ខែកក្កដា) លើបុរសម្នាក់ដែលបានបាញ់ រហូតបណ្ដាលឲ្យនាយករដ្ឋមន្រ្តីលោក Robert Fico រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីខែឧសភាឆ្នាំមុន ជាការវាយប្រហារដែលទាំងលាតត្រដាងឲ្យឃើញ និងធ្វើឲ្យកាន់តែធ្ងន់ធ្ងរនូវការបែកបាក់ផ្នែកនយោបាយ និងសង្គម នៅក្នុងប្រទេសអឺរ៉ុបកណ្តាលដ៏តូចមួយនេះ។
លោក Juraj C. វ័យ ៧២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម សម្រាប់ការវាយប្រហារដែលរដ្ឋអាជ្ញា លើកឡើងថា មានគោលបំណងធ្វើឲ្យរដ្ឋាភិបាលអសមត្ថភាព។ ជនជាប់ចោទត្រូវប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើរកឃើញថា មានទោសដោយតុលាការព្រហ្មទណ្ឌពិសេស។

ខ្មាន់កាំភ្លើងដែលជាអតីតកម្មករអណ្តូងរ៉ែ ជាងកាត់ថ្ម ឆ្មាំសន្តិសុខ តែក៏ជាអ្នកនិពន្ធកំណាព្យ និងសុភាសិត និងជាសកម្មជនសាធារណៈផងដែរនោះ បានប្រាប់អ្នកស៊ើបអង្កេតថា រូបគេបានបាញ់ទៅលើលោក Fico គ្រាន់តែចង់ឲ្យរបួស ប៉ុន្តែមិនមែនប៉ុនប៉ងសម្លាប់ឡើយ ដោយសារតែអ្វីដែលរូបគេបានប្រាប់ថា ជាការមិនស្របនឹងគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ជុំវិញបញ្ហាអ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌។
លោក Fico វ័យ ៦០ឆ្នាំ បានចោទប្រកាន់ជនដៃដល់ថា ជាសកម្មជនប្រឆាំង ហើយបានចោទប្រកាន់ក្រុមប្រឆាំង ដែលជាក្រុមនៃគណបក្សសេរីនិយមភាគច្រើនគាំទ្រសហភាពអឺរ៉ុប ពីបទបង្កការស្អប់ខ្ពើម។ គណបក្សប្រឆាំងធំៗ បានបដិសេធមិនមានការការទាក់ទងណាមួយជាមួយជនល្មើស៕
